អែសរ៉ា 6:11-18

អែសរ៉ា 6:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ក៏​ចេញ​បង្គាប់​ផង​ដែរ​ថា ប្រសិន‌បើ​អ្នក​ណា​បំប្លែង​សេចក្ដី​បង្គាប់​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​មួយ​ពី​ផ្ទះ​របស់​អ្នក​នោះ ហើយ​បញ្ឈរ​ឡើង ដោត​អ្នក​នោះ​ពី​លើ​ធ្នឹម​នោះ​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​របស់​គេ​ទុក​ជា​កន្លែង​បន្ទោ​បង់ ដោយ​ព្រោះ​ហេតុ​នេះ​ឯង។ សូម​ឲ្យ​ព្រះ​ដែល​បាន​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នេះ ទម្លាក់​ស្តេច ឬ​ប្រជា‌ជន​ណា​ដែល​លូក​ដៃ​ទៅ​បំប្លែង​សេចក្ដី​បង្គាប់​នេះ ឬ​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម។ យើង ដារី‌យុស បាន​ចេញ​បង្គាប់​ហើយ ដូច្នេះ ត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត»។ ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។ ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។ ព្រះ‌ដំណាក់​នេះ​បាន​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យុស។ ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​ឯ​ទៀត នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ ដោយ​អំណរ។ គេ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​បួន​រយ​ក្បាល ជា​តង្វាយ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ និង​ពពែ​ដប់ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ជា​តង្វាយ​លោះ​បាប​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។ គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

ចែក​រំលែក
អាន អែសរ៉ា 6

អែសរ៉ា 6:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោ‌បង់​ផង។ សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះអង្គ​នៅ​ទី​នោះ ទម្លាក់​ស្ដេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ នៅ​ក្រុង​យេរូ‌សាឡឹម។ យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។ លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារី‌យូស​យ៉ាង​ហ្មត់‌ចត់​បំផុត។ ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​បន្ត​ការ​សាង​សង់​ព្រះ‌វិហារ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះ‌វិហារ ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ព្រះចៅ​ស៊ីរូស ព្រះចៅ​ដារី‌យូស និង​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស។ គេ​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យូស។ ជន‌ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។ ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខងារ​ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

ចែក​រំលែក
អាន អែសរ៉ា 6

អែសរ៉ា 6:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ក៏​បាន​ចេញ​បង្គាប់​ថា បើ​អ្នក​ណា​បំផ្លាស់​បំប្រែ​ប្រកាស​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​១ ពី​ផ្ទះ​អ្នក​នោះ បញ្ឈរ​ឡើង​ចង​ក​គេ​ភ្ជាប់​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​គេ​ទុក​ជា​កន្លែង​សំរាប់​នឹង​បន្ទោ​លាមក ដោយ​ព្រោះ​ហេតុ​នោះ​ឯង ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះ‌នាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា នឹង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​នេះ​ចេញ​ផង យើង ដារី‌យុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះ‌ខ្នែង​ចុះ។ ដូច្នេះ ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​គូ‌កន គេ​ក៏​ធ្វើ​ដោយ​ខ្នះ‌ខ្នែង តាម​សេចក្ដី​ដែល​ស្តេច​ដារី‌យុស​បាន​ផ្ញើ​មក​គ្រប់​ជំពូក យ៉ាង​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា​ក៏​ស្អាង​ឡើង ដោយ​មាន​សេចក្ដី​ចំរើន ដោយ​នូវ​ការ​ទាយ​របស់​ហោរា​ហាកាយ នឹង​សាការី ជា​កូន​អ៊ីដោ គេ​បាន​ស្អាង​ឡើង ដរាប​ដល់​ហើយ តាម​បង្គាប់​ផង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​តាម​ព្រះ‌ឱង្ការ​នៃ​ស៊ីរូស ដារី‌យុស នឹង​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី​ផង នៅ​ថ្ងៃ​ទី​៣ ខែ​ផល្គុណ ក្នុង​ឆ្នាំ​ទី​៦​នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌វិហារ​បាន​ស្អាង​ឡើង​រួច​ជា​ស្រេច។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ នឹង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ គេ​បាន​ថ្វាយ​គោ​ឈ្មោល​១០០ ចៀម​ឈ្មោល​២០០ នឹង​កូន​ចៀម​៤០០ ជា​ដង្វាយ​ឆ្លង​ព្រះ‌វិហារ ហើយ​នឹង​ពពែ​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការ‌ងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។

ចែក​រំលែក
អាន អែសរ៉ា 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ