អែសរ៉ា 6

6
ព្រះ​រាជ​បញ្ជា​របស់​ព្រះ​បាទ​ដារី‌យុស
1ដូច្នេះ ព្រះ‌បាទ​ដារី‌យុស​បាន​ចេញ​បញ្ជា ហើយ​គេ​ក៏​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត ជា​កន្លែង​ដែល​តម្កល់​ឯក​សារ​នៅ​ក្នុង​ក្រុង​បាប៊ី‌ឡូន។ 2គេរក​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ក្រុង​អាក់‌មេថា ជា​ក្រុង​ធំ​របស់​ខេត្ត​មេឌី។ ក្រាំង​នោះ​មាន​ចែង​ថា៖ «កំណត់ហេតុ 3នៅ​ឆ្នាំ​ទីមួយ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ស្ដេច​បាន​ចេញ​រាជ​បញ្ជា អំពី​ដំណើរ​ព្រះ‌ដំណាក់​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​សង់​ព្រះ‌ដំណាក់​នោះ​ឡើង​វិញ ជា​កន្លែង​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ចាក់​គ្រឹះ​នៅ​លើ​គ្រឹះ​ចាស់ ឯ​ព្រះ‌ដំណាក់​នេះ ត្រូវ​មាន​កម្ពស់​ហុក​សិប​ហត្ថ និង​ទទឹង​ហុក​សិប​ហត្ថ 4ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជាន់ និង​ឈើ​មួយ​ជាន់។ ឯ​ប្រាក់​ចំណាយ ត្រូវ​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។ 5ចំណែក​គ្រឿង​ប្រដាប់​មាស​ប្រាក់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម មក​ក្រុង​បាប៊ី‌ឡូន ត្រូវ​ប្រគល់​ទៅ​វិញ យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ត្រូវ​ដាក់​ទាំង​អស់​នៅ​កន្លែង​ដើម នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ»។
6«ដូច្នេះ លោក​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ លោក​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសា​ភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខាង​នាយ​ទន្លេ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីនោះ​ទៅ 7ទុក​ឲ្យ​ពួក​សាសន៍​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​តែ​គ្នា​គេ​ចុះ ត្រូវ​ឲ្យ​ទេសា‌ភិបាល​របស់​សាសន៍​យូដា និង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា សង់​ព្រះ​ដំណាក់​របស់​ព្រះ​នេះ ត្រង់​កន្លែង​ដើម។ 8ម្យ៉ាង​ទៀត យើង​ចេញ​បង្គាប់​ស្ដី​អំពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា​ទាំង​នេះ សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សម្រាប់​នឹង​ចំណាយ ឲ្យ​គ្រប់​ចំនួន​កុំ​បី​អាក់​ខាន​ឡើយ។ 9ឯ​អ្វី​ៗ​ដែល​គេ​ត្រូវ​ការ ទោះ​ជា​គោ​ស្ទាវ ចៀម​ឈ្មោល និង​កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូ‌សាឡិម​ត្រូវ​ការ នោះ​ត្រូវ​បើក​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​កុំ​ខាន 10ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច និង​បុត្រា​របស់​ស្តេច​មាន​ព្រះ‌ជន្ម​យឺន​យូរ។ 11យើង​ក៏​ចេញ​បង្គាប់​ផង​ដែរ​ថា ប្រសិន‌បើ​អ្នក​ណា​បំប្លែង​សេចក្ដី​បង្គាប់​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​មួយ​ពី​ផ្ទះ​របស់​អ្នក​នោះ ហើយ​បញ្ឈរ​ឡើង ដោត​អ្នក​នោះ​ពី​លើ​ធ្នឹម​នោះ​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​របស់​គេ​ទុក​ជា​កន្លែង​បន្ទោ​បង់ ដោយ​ព្រោះ​ហេតុ​នេះ​ឯង។ 12សូម​ឲ្យ​ព្រះ​ដែល​បាន​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នេះ ទម្លាក់​ស្តេច ឬ​ប្រជា‌ជន​ណា​ដែល​លូក​ដៃ​ទៅ​បំប្លែង​សេចក្ដី​បង្គាប់​នេះ ឬ​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម។ យើង ដារី‌យុស បាន​ចេញ​បង្គាប់​ហើយ ដូច្នេះ ត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត»។
ព្រះ​វិហារ​បាន​សាង​សង់​ចប់ និង​ពិធី​បុណ្យ​ឆ្លង
13ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។ 14ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។ 15ព្រះ‌ដំណាក់​នេះ​បាន​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យុស។
16ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​ឯ​ទៀត នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ ដោយ​អំណរ។ 17គេ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​បួន​រយ​ក្បាល ជា​តង្វាយ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ និង​ពពែ​ដប់ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ជា​តង្វាយ​លោះ​បាប​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។ 18គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។
ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលង
19ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​នោះ បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ទីមួយ ។ 20ដ្បិត​ពួក​សង្ឃ និង​ពួក​លេវី បាន​ធ្វើ​ពិធី​សម្អាត​ខ្លួនឲ្យ​បាន​បរិសុទ្ធ ហើយ​គេក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ដូច្នេះ គេ​បាន​សម្លាប់​ចៀម​នៃ​ពិធី​បុណ្យ​រំលង សម្រាប់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ សម្រាប់​ពួក​សង្ឃ​ជា​បង​ប្អូន​របស់​គេ និង​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ 21ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​បាន​វិល​ត្រឡប់​ពី​ការ​ជាប់​ជា​ឈ្លើយ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ​ពី​ភាព​សៅ​ហ្មង​របស់​សាសន៍​ដទៃ ដែល​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​បរិ‌ភោគ​អាហារ​នៃ​ពិធី​បុណ្យ​រំលង។ 22គេ​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដោយ​អំណរ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​អរ​សប្បាយ ហើយ​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ស្រុក​អាស‌ស៊ើរ មក​ឯ​ពួក​គេ ដើម្បី​ឲ្យ​ស្ដេច​ជួយ​គាំ​ទ្រ​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល