អែសរ៉ា 6:11-18

អែសរ៉ា 6:11-18 គកស១៦

យើង​ក៏​ចេញ​បង្គាប់​ផង​ដែរ​ថា ប្រសិន‌បើ​អ្នក​ណា​បំប្លែង​សេចក្ដី​បង្គាប់​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​មួយ​ពី​ផ្ទះ​របស់​អ្នក​នោះ ហើយ​បញ្ឈរ​ឡើង ដោត​អ្នក​នោះ​ពី​លើ​ធ្នឹម​នោះ​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​របស់​គេ​ទុក​ជា​កន្លែង​បន្ទោ​បង់ ដោយ​ព្រោះ​ហេតុ​នេះ​ឯង។ សូម​ឲ្យ​ព្រះ​ដែល​បាន​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នេះ ទម្លាក់​ស្តេច ឬ​ប្រជា‌ជន​ណា​ដែល​លូក​ដៃ​ទៅ​បំប្លែង​សេចក្ដី​បង្គាប់​នេះ ឬ​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម។ យើង ដារី‌យុស បាន​ចេញ​បង្គាប់​ហើយ ដូច្នេះ ត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត»។ ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។ ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។ ព្រះ‌ដំណាក់​នេះ​បាន​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យុស។ ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​ឯ​ទៀត នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ ដោយ​អំណរ។ គេ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​បួន​រយ​ក្បាល ជា​តង្វាយ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ និង​ពពែ​ដប់ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ជា​តង្វាយ​លោះ​បាប​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។ គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

អាន អែសរ៉ា 6