អែសរ៉ា 3:1-9

អែសរ៉ា 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។ លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បងប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បងប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។ ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។ ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​យេសួរ និង​កូន ព្រម​ទាំង​បងប្អូន​របស់​លោក គឺ​មាន​លោក​កាឌ‌មាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន អែសរ៉ា 3

អែសរ៉ា 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។ ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។ គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។ ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​រាល់​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​បញ្ញត្តិ ដែល​បាន​តម្រូវ​តាម​ថ្ងៃនីមួយៗ ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។ ចាប់​ពី​ថ្ងៃ​ទីមួយនៃ​ខែ​ទីប្រាំពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ប៉ុន្តែ គ្រឹះ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មិន​ទាន់​បាន​ចាក់​នៅ​ឡើយ​ទេ។ ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែទី​ពីរ ក្រោយពី​ពួក​គេ​បាន​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​បង​ប្អូន​ឯ​ទៀតៗ​របស់​គេ ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម បាន​នាំគ្នា​ចាប់​ផ្ដើម​ធ្វើ​ការ។ គេ​បាន​តែង​តាំង​ពួក​លេវី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ឯ​យេសួរ រួម​ទាំង​ពួក​កូន និង​បង​ប្អូន​របស់​លោក កាឌ‌មាល និង​ពួក​កូន​របស់​លោក ដែល​ជា​ពូជ​ពង្ស​យូដា ព្រម​ទាំង​ពួក​កូន​របស់​ហេ‌ណាដាឌ និង​ពួក​លេវី ជា​កូន​ចៅ និង​ជា​បង​ប្អូន​របស់​គេដែរ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​ពួក​ជាង ដែល​សាង​សង់​ព្រះ​ដំណាក់របស់​ព្រះ។

ចែក​រំលែក
អាន អែសរ៉ា 3

អែសរ៉ា 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ខែ​អស្សុជ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ហើយ នោះ​ពួក​បណ្តាជន​ក៏​មូល​គ្នា នៅ​ក្រុង​យេរូ‌សាឡិម មាន​ចិត្ត​តែ​១ គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ គេ​ក៏​ដាក់​អាសនា​នោះ ទៅ​លើ​ជើង​កំណល់ ពី​ព្រោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ដល់​ពួក​អ្នក​ស្រុក​នោះ ហើយ​ក៏​ថ្វាយ​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា​នោះ គឺ​ដង្វាយ​ដុត​ថ្វាយ​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច​ផង គេ​ធ្វើ​បុណ្យ​បារាំ ដូច​ជា​បាន​កត់​ទុក​ហើយ ក៏​ថ្វាយ​ដង្វាយ​ដុត​រាល់​តែ​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​របៀប តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ ត​ពី​នោះ​មក ក៏​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ចូល​ខែ ហើយ​ដង្វាយ​ថ្ងៃ​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​តាំង​ឡើង​ជា​បរិសុទ្ធ ព្រម​ទាំង​ដង្វាយ​របស់​អស់​អ្នក​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ គេ​ចាប់​តាំង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ពី​ថ្ងៃ​ដំបូង ក្នុង​ខែ​អស្សុជ តែ​ជើង​ជញ្ជាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​ទាន់​បាន​ដាក់​នៅ​ឡើយ គេ​ជួល​ពួក​ជាង​ថ្ម នឹង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ នឹង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន នឹង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។ នៅ​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ តាំង​ពី​គេ​មក​ដល់​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ឯ​ទៀត ហើយ​អស់​ពួក​អ្នក ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ចាប់​តាំង​ធ្វើ​ការ​ឡើង ក៏​ដំរូវ​ឲ្យ​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ បាន​ចាត់‌ចែង​ការ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យេសួរ នឹង​ពួក​កូន​ចៅ ហើយ​បង​ប្អូន​លោក កាឌមាល នឹង​កូន​ចៅ​លោក ដែល​ជា​ពួក​យូដា នឹង​ពួក​កូន​របស់​ហេណា‌ដាឌ ព្រម​ទាំង​កូន​ចៅ​គេ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ផង ក៏​ប្រឹង‌ប្រែង​ត្រួត​មើល​ពួក​ជាង ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។

ចែក​រំលែក
អាន អែសរ៉ា 3