អែសរ៉ា 3:1-9

អែសរ៉ា 3:1-9 គកស១៦

លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។ ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។ គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។ ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​រាល់​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​បញ្ញត្តិ ដែល​បាន​តម្រូវ​តាម​ថ្ងៃនីមួយៗ ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។ ចាប់​ពី​ថ្ងៃ​ទីមួយនៃ​ខែ​ទីប្រាំពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ប៉ុន្តែ គ្រឹះ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មិន​ទាន់​បាន​ចាក់​នៅ​ឡើយ​ទេ។ ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែទី​ពីរ ក្រោយពី​ពួក​គេ​បាន​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​បង​ប្អូន​ឯ​ទៀតៗ​របស់​គេ ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម បាន​នាំគ្នា​ចាប់​ផ្ដើម​ធ្វើ​ការ។ គេ​បាន​តែង​តាំង​ពួក​លេវី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ឯ​យេសួរ រួម​ទាំង​ពួក​កូន និង​បង​ប្អូន​របស់​លោក កាឌ‌មាល និង​ពួក​កូន​របស់​លោក ដែល​ជា​ពូជ​ពង្ស​យូដា ព្រម​ទាំង​ពួក​កូន​របស់​ហេ‌ណាដាឌ និង​ពួក​លេវី ជា​កូន​ចៅ និង​ជា​បង​ប្អូន​របស់​គេដែរ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​ពួក​ជាង ដែល​សាង​សង់​ព្រះ​ដំណាក់របស់​ព្រះ។

អាន អែសរ៉ា 3