អែសរ៉ា 3

3
ការ​រៀប​ចំ​កន្លែង​ថ្វាយ​បង្គំ​នៅ​ក្រុង​យេរូ​សាឡិម​ឡើង​វិញ
1លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។ 2ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។ 3គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។ 4ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​រាល់​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​បញ្ញត្តិ ដែល​បាន​តម្រូវ​តាម​ថ្ងៃនីមួយៗ 5ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។ 6ចាប់​ពី​ថ្ងៃ​ទីមួយនៃ​ខែ​ទីប្រាំពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ប៉ុន្តែ គ្រឹះ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មិន​ទាន់​បាន​ចាក់​នៅ​ឡើយ​ទេ។ 7ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។
ការ​ចាក់​គ្រឹះ​ព្រះ​វិហារ
8នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែទី​ពីរ ក្រោយពី​ពួក​គេ​បាន​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​បង​ប្អូន​ឯ​ទៀតៗ​របស់​គេ ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម បាន​នាំគ្នា​ចាប់​ផ្ដើម​ធ្វើ​ការ។ គេ​បាន​តែង​តាំង​ពួក​លេវី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ 9ឯ​យេសួរ រួម​ទាំង​ពួក​កូន និង​បង​ប្អូន​របស់​លោក កាឌ‌មាល និង​ពួក​កូន​របស់​លោក ដែល​ជា​ពូជ​ពង្ស​យូដា ព្រម​ទាំង​ពួក​កូន​របស់​ហេ‌ណាដាឌ និង​ពួក​លេវី ជា​កូន​ចៅ និង​ជា​បង​ប្អូន​របស់​គេដែរ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​ពួក​ជាង ដែល​សាង​សង់​ព្រះ​ដំណាក់របស់​ព្រះ។
10នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។ 11គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា ដោយ​ពាក្យ​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ចំពោះ​អ៊ីស្រា‌អែល»។ ប្រជា‌ជនទាំង​អស់​ក៏​ស្រែក​ឡើង ដោយ​សម្រែក​យ៉ាង​ខ្លាំង នៅ​ពេល​គេ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ព្រោះគេបាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ 12ប៉ុន្ដែ មាន​ពួក​សង្ឃ​ជា​ច្រើន ព្រម​ទាំង​ពួក​លេវី និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ជា​មនុស្ស​ចាស់​ៗ​ដែល​បាន​ឃើញ​ព្រះ‌ដំណាក់​ជំនាន់​មុន នាំ​គ្នា​យំ​ជា​ខ្លាំង នៅ​ពេល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រែក​ហ៊ោ​ដោយ​អរ​សប្បាយ​ដែរ 13ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌ជន​មិន​អាច​ដឹង​ថា សំឡេង​ណា​ដែល​អរ​សប្បាយ និង​សំឡេង​ណា​ដែល​ជា​សំឡេង​របស់​អ្នក​ដែល​យំ​បាន​ឡើយ ព្រោះ​ប្រជា‌ជន​ស្រែក​យ៉ាង​ខ្លាំង ហើយ​សម្រែក​នោះ​ក៏​ឮ​ទៅ​ឆ្ងាយ។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល