អេសេគាល 36:26-38
អេសេគាល 36:26-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះដល់អ្នក។ យើងនឹងជួយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់អ្នក យើងនឹងបង្គាប់ដល់ស្រូវ ឲ្យបានចម្រើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ។ យើងនឹងចម្រើនផ្លែឈើ និងផលចម្ការឡើងដែរ ដើម្បីមិនឲ្យអ្នករាល់គ្នាត្រូវពាក្យដំណៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់ទៀត អ្នករាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់អ្នក ហើយពីអំពើដែលអ្នករាល់គ្នាប្រព្រឹត្តមិនល្អ ដូច្នេះ អ្នករាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់អ្នក»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថា មិនមែនដោយយល់ដល់អ្នករាល់គ្នាដែលយើងធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់អ្នកចុះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់អ្នក នោះយើងនឹងឲ្យអស់ទាំងទីក្រុងរបស់អ្នក មានមនុស្សរស់នៅវិញ ហើយឲ្យអស់ទាំងកន្លែងបាក់បែកបានសង់ឡើង។ ឯស្រុកដែលនៅស្ងាត់ និងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ។ គេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ ត្រឡប់ដូចជាសួនច្បារអេដែន ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សរស់នៅផង។ ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញអ្នក គេនឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ យើងបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺយើង ជាយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មួយទៀត យើងនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរយើងពីដំណើរនោះ ដើម្បីឲ្យយើងបានសម្រេចការនោះដល់គេ គឺយើងនឹងឲ្យគេចម្រើនគ្នាជាច្រើនដូចជាហ្វូងចៀម។ ទីក្រុងដែលខូចទាំងប៉ុន្មាន នឹងមានហ្វូងមនុស្សពេញ ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 36:26-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។ យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។ យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។ ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។ ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។ ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹងមាំ ព្រមទាំងមានប្រជាជនរស់នៅផង។ ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។ ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញបូជានៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 36:26-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់ពួកឰយុកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ ក៏នឹងចំរើនផ្លែឈើ នឹងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត នឹងអំពើគួរស្អប់ខ្ពើមរបស់ឯង។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជំរះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង ឯស្រុកដែលបាននៅស្ងាត់ នឹងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញឯង គេនឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ អញបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺអញ ជាយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម អស់ទាំងទីក្រុងខូចបង់ នឹងបានពេញដោយហ្វូងមនុស្ស ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។