អេ‌សេ‌គាល 36:26-38

អេ‌សេ‌គាល 36:26-38 គកស១៦

យើង​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​អ្នក​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញ​ពី​រូប​សាច់​អ្នក ហើយ​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​ដល់​អ្នក។ យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ។ យើង​នឹង​ចម្រើន​ផ្លែ​ឈើ និង​ផល​ចម្ការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ពាក្យ​ដំណៀល​របស់​សាសន៍​ដទៃ ដោយ​ព្រោះ​អំណត់​ទៀត អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​អ្នក ហើយ​ពី​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក»។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ដែល​យើង​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​អ្នក​ចុះ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​យើង​ជម្រះ​អ្នក​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​អ្នក មាន​មនុស្ស​រស់​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​កន្លែង​បាក់​បែក​បាន​សង់​ឡើង។ ឯ​ស្រុក​ដែល​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ​រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ។ គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​រស់​នៅ​ផង។ ដូច្នេះ អស់​ទាំង​សាសន៍​ដែល​សល់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​សង់​ទី​បំផ្លាញ​នោះ​ឡើង ហើយ​សាប‌ព្រោះ​កន្លែង​ដែល​ចោល​ស្ងាត់​វិញ គឺ​យើង ជា​យេហូវ៉ា​នេះ យើង​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សម្រេច​តាម​ផង។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត យើង​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​យើង​ពី​ដំណើរ​នោះ ដើម្បី​ឲ្យ​យើង​បាន​សម្រេច​ការ​នោះ​ដល់​គេ គឺ​យើង​នឹង​ឲ្យ​គេ​ចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។ ទី​ក្រុង​ដែល​ខូច​ទាំង​ប៉ុន្មាន នឹង​មាន​ហ្វូង​មនុស្ស​ពេញ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

អាន អេ‌សេ‌គាល 36