អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់ពួកឰយុកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ ក៏នឹងចំរើនផ្លែឈើ នឹងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត នឹងអំពើគួរស្អប់ខ្ពើមរបស់ឯង។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជំរះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង ឯស្រុកដែលបាននៅស្ងាត់ នឹងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញឯង គេនឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ អញបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺអញ ជាយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម អស់ទាំងទីក្រុងខូចបង់ នឹងបានពេញដោយហ្វូងមនុស្ស ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
អាន អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:26-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ