អេសេគាល 22:24-31

អេសេគាល 22:24-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។ ព្យាការី​របស់​អ្នក​ឃុប‌ឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។ បូជា‌ចារ្យ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​យើង និង​បន្ថោក​ទីសក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សម្គាល់​មើល​ថា អ្វី​វិសុទ្ធ*​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជា‌ជន​ឲ្យ​ស្គាល់​អ្វី​បរិសុទ្ធ* និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវី‌រវល់​នឹង​ថ្ងៃ​សប្ប័ទ*​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។ មេ​ដឹក​នាំ​របស់​ក្រុង​នេះ​ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ។ ព្យាការី​របស់​គេ​ជា​មនុស្ស​លាក់​ពុត គឺ​ប្រកាស​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ និង​ការ​ទស្សន៍‌ទាយ​បោក​ប្រាស់។ ពួក​គេ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ” តែ​ព្រះ‌អម្ចាស់​ឥត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​ឡើយ។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់ និង​កេង‌ប្រវ័ញ្ច​ជន​កម្សត់​ទុគ៌ត ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​បរទេស​ដោយ​អយុត្តិ‌ធម៌។ យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។ ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្ដន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 22

អេសេគាល 22:24-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ស្រុក​ដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់។ ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្ដាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​តម្លៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្ដាល​ទី​ក្រុង។ ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។ ពួក​ចៅ‌ហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។ ពួក​ហោរា​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​និមិត្ត​ជា​សេចក្ដី​កំភូត ហើយ​ថ្លែងទំនាយ​កុហក​ដល់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ។ ពួក​ជន​នៅ​ស្រុក​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស ដែល​ស្នាក់​នៅ ដោយ​ឥត​ហេតុ។ យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។ ហេតុ​នោះ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​គេ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 22

អេសេគាល 22:24-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្តាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ​សម្បត្តិ នឹង​របស់​មាន​ដំឡៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្តាល​ទី​ក្រុង ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត នឹង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ ពួក​ចៅហ្វាយ​នៅ​កណ្តាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត ពួក​ហោរា​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​ការ​ជាក់‌ស្តែង ជា​សេចក្ដី​កំភូត ហើយ​ទាយ​កុហក​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល​សោះ ពួក​ជន​នៅ​ស្រុក​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ អើ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ នឹង​ពួក​កំសត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស​ដែល​ស្នាក់​នៅ​ដោយ​ឥត​ហេតុ អញ​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង​ឡើង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​អញ​ជំនួស​គេ ដើម្បី​ឲ្យ​អញ​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែអញ​រក​មិន​បាន​អ្នក​ណា​មួយ​សោះ ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​គេ អញ​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​បាន​ទំលាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 22