អេសេគាល 18:17-32

អេសេគាល 18:17-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក៏​ដក​ដៃ​ចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ គឺ​បាន​សម្រេច​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន។ ចំណែក​ឪពុក​អ្នក​នោះ នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដែល​មិន​ល្អ​ក្នុង​ចំណោម​សាសន៍​របស់​ខ្លួន។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ? កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម នោះ​វា​នឹង​មាន​ជីវិត​រស់​នៅ​វិញ។ ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ដែរ។ តែ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹងមាន​ជីវិត​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ។ ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្ដី​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត»។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​យើង​មាន​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ឲ្យ​បាន​រស់​នៅ​ទេ​ឬ? តែ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត នោះ​តើ​នឹង​រស់​នៅ​ឬ? អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។ ទោះ​បើ​យ៉ាង​នោះ គង់​តែ​អ្នក​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​យើង​មិន​ត្រឹម​ត្រូវ​មែន​ឬ? តើ​មិន​មែន​ជា​ផ្លូវ​របស់​អ្នក​រាល់​គ្នា ដែល​មិន​ត្រឹម​ត្រូវ​ទេ​ឬ? កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅ នោះ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។ មួយ​ទៀត កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ។ គឺ​នឹង​រស់​នៅ​ជា​ពិតប្រាកដ ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារ‌ណា ហើយ​បែរ​ចេញ​ពី​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។ ប៉ុន្តែ ពួក​វង្ស​អ៊ីស្រា‌អែល​គេ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​ផ្លូវ​របស់​យើង​មិន​ត្រឹម​ត្រូវ​មែន​ឬ? តើ​មិន​មែន​ជា​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ​ដែល​មិន​ត្រឹម​ត្រូវ? ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។ ចូរ​បោះ‌បង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​អ្នក ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ ដ្បិត​ឱ​ពូជ‌ពង្ស​ពួក​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី? ព្រោះ​យើង​ឥត​មាន​អំណរ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​មក ដើម្បី​ឲ្យ​បាន​រស់​នៅ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:17-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កម្រៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។ ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ​សម្បត្តិ​បងប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។ យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះ‌បង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះ‌បង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ អ្នក​រាល់​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់ ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​គង់‌វង្ស។ ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះ‌បង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ហេតុ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្ដោយ​ឲ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ -។

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:17-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កំរៃ​អ្វី​ឡើយ គឺ​បាន​សំរេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ តែ​ឯ​ចំណែក​ឪពុក​វា នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ ដោយ​ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​ការ​ដែល​មិន​ល្អ​ផង នៅ​កណ្តាល​សាសន៍​ខ្លួន​ហើយ។ ប៉ុន្តែឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង នោះ​វា​នឹង​រស់​នៅ​ជា​ពិត​វិញ ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ​ឯង ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ឯង​ដែរ។ តែ​ឯ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹង​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ឡើយ ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្ដី​សុចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​វិញ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អញ​មាន​សេចក្ដី​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ទៅ​ឬ តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វិញមក ឲ្យ​បាន​រស់​នៅ​វិញ​ទេ​ឬ​អី តែ​ឯ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​វិញ នោះ​តើ​នឹង​រស់​នៅ​ឬ ឯ​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។ ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅ នោះ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ឯង មួយ​ទៀត កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ គឺ​នឹង​រស់​នៅ​ជា​ពិត ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារណា​ហើយ​បែរ​ចេញ​ពី​អំពើ​រំលង ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ ប៉ុន្តែពួក​វង្ស​អ៊ីស្រាអែល​គេ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​នឹង​ជំនុំ‌ជំរះ​ឯង​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​ឯង​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​ឯង​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​ឯង​ទេ ចូរ​បោះ‌បង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី នឹង​វិញ្ញាណ​ថ្មី​ចុះ ដ្បិត​ឱ​ពូជ‌ពង្ស​ពួក​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី ពី​ព្រោះ​អញ​ឥត​មាន​សេចក្ដី​អំណរ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​វិល​មក ដើម្បី​ឲ្យ​បាន​រស់​នៅ​វិញ នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 18