អេសេគាល 18:1-14

អេសេគាល 18:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ប្រើ​ពាក្យ​សុភា‌សិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច?»។ ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា៖ «ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​អ្នក​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភា‌សិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។ មើល៍! ព្រលឹង​ទាំង​អស់​ជា​របស់​យើង ទោះ​ទាំង​ព្រលឹង​ឪពុក និង​ព្រលឹង​កូន​ផង ក៏​ជា​របស់​យើង​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់។ ប៉ុន្តែ បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សម្លៀក‌បំពាក់​វិញ គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។ បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កម្ចាយ​ឈាម ឬ​ប្រព្រឹត្ត​អំពើ​ណា​មួយ​បែប​នេះ (ដែលផ្ទុយ​ពី​ឪ​ពុក​របស់​ខ្លួន) ជា​កូន​ដែលស៊ី​សំណែន​នៅ​លើ​ភ្នំ ហើយប្រព្រឹត្ត​អំពើ​សៅហ្មង​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ អ្នក​កម្សត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​មើល​ទៅ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។ ប៉ុន្តែ បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារ‌ណា ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ទេ

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​សូត្រ​សុភាសិត​នេះ នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ ហើយ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ដូច្នេះ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ! ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។ ឧបមា​ថា មាន​មនុស្ស​សុចរិត​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ មិន​ជិះ‌ជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ ឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិ‌បក្ស​យ៉ាង​ត្រឹម​ត្រូវ ប្រព្រឹត្ត​តាម​ច្បាប់ និង​វិន័យ​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឪពុក ដោយ​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ជិះ‌ជាន់​មនុស្ស​ក្រីក្រ​ទុគ៌ត លួច​ទ្រព្យ​សម្បត្តិ​គេ មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កម្រៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា ឯង​រាល់​គ្នា​ប្រើ​ពាក្យ​សុភាសិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រាអែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ឯង​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភាសិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទៀត​ឡើយ មើលព្រលឹង​ទាំង​អស់​ជា​របស់​ផង​អញ ទោះ​ទាំង​ព្រលឹង​នៃ​ឪពុក នឹង​ព្រលឹង​នៃ​កូន​ផង ក៏​ជា​របស់​ផង​អញ​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ។ ប៉ុន្តែបើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវហើយ​ទៀង​ត្រង់ ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រាអែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កំរៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។ បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កំចាយ​ឈាម ឬ​ប្រព្រឹត្ត​ការ​អ្វី​យ៉ាង​នោះ ឥត​ដែល​ប្រព្រឹត្ត​ការ​ទាំង​ប៉ុន្មាន​ដែល​គួរ​ធ្វើ​ទេ គឺ​បាន​ស៊ី​នៅ​លើ​ភ្នំ​វិញ ហើយ​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ ហើយ​កំសត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កំរៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។ ប៉ុន្តែ មើល បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារណា​ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ឡើយ

ចែក​រំលែក
អាន អេសេគាល 18