អេសេគាល 16:53-63

អេសេគាល 16:53-63 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នឹង​នាំ​ពួក​គេ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ ដោយ​អ្នក​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​គេ។ ឯ​ប្អូន​ស្រី​អ្នក គឺ​សូដុម និង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​អ្នក និង​កូន​អ្នក ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​អ្នក នោះ​ឈ្មោះ​សូដុម​ជា​ប្អូន​ស្រី​អ្នក មិន​បាន​ចេញ​ពី​មាត់​អ្នក​ឡើយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​អ្នក មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី និង​ពួក​អ្នក​នៅ​ជុំ‌វិញ ហើយ​ពួក​កូន​ស្រី​ភីលី‌ស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​អ្នក​នៅ​ព័ទ្ធ​ជុំ‌វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​ហើយ»។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។ ប៉ុន្តែ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​អ្នក ក្នុង​កាល​ដែល​អ្នក​នៅ​ក្មេង​នោះ ហើយ​យើង​នឹង​តាំង​សញ្ញា​មួយ​នឹង​អ្នក ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច​ទៀត។ នោះ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ប្អូន​ស្រី​របស់​អ្នក គឺ​បង​របស់​អ្នក និង​ប្អូន​របស់​អ្នក​ផង គ្រា​នោះ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​ដល់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 16

អេសេគាល 16:53-63 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចម្រុង‌ចម្រើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ​ដែរ។ បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។ ក្រុង​សូដុម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ហើយ​នាង និង​ស្រុក​ភូមិ​របស់​នាង ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។ កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់‌ងាយ​សូដុម។ គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលីស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។ នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ដូច្នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​អំពើ​ដែល​នាង​បាន​ប្រព្រឹត្ត គឺ​នាង​បាន​បំភ្លេច​ពាក្យ​សម្បថ ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង។ ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​នាង។ នាង​នឹង​នឹក​ឃើញ​ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នៅ​ពេល​នាង​ទទួល​បង​ស្រី និង​ប្អូន​ស្រី​ឲ្យ​នៅ​ជា​មួយ នោះ​នាង​នឹង​នឹក​ខ្មាស។ យើង​នឹង​ឲ្យ​នាង​ត្រួត‌ត្រា​លើ​បង​ស្រី និង​ប្អូន​ស្រី តែ​ពួក​គេ​មិន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​នាង​ទេ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ នាង​នឹង​នឹក​ឃើញ ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 16

អេសេគាល 16:53-63 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​នឹង​នាំ​ពួក​គេ ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​វិញ គឺ​សូដុំម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្តាល​គេ​ផង ដើម្បី​ឲ្យ​ឯង​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ​ដោយ​ឯង​ជា​ទី​កំសាន្ត​ចិត្ត​ដល់​គេ ឯ​ប្អូន​ស្រី​ឯង គឺ​សូដុំម នឹង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី នឹង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​ឯង នឹង​កូន​ឯង ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​ឯង​រាល់​គ្នា​ដែរ ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​ឯង នោះ​ឈ្មោះ​សូដុំម​ជា​ប្អូន​ស្រី​ឯង មិន​បាន​ចេញ​ពី​មាត់​ឯង​ឡើយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​ឯង មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី នឹង​ពួក​អ្នក​នៅ​ជុំវិញ ហើយ​ពួក​កូន​ស្រី​ភីលីស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​ឯង​នៅ​ព័ទ្ធ​ជុំវិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស នឹង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ហើយ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​ឯង​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ​ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។ ប៉ុន្តែអញ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង ក្នុង​កាល​ដែល​ឯង​នៅ​ក្មេង​នោះ ហើយ​អញ​នឹង​តាំង​សញ្ញា​១​នឹង​ឯង ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​‌កល្ប​ជានិច្ច​ទៀត នោះ​ឯង​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​ឯង​ទទួល​បង​ប្អូន​ស្រី​ឯង គឺ​បង​បង្អស់​របស់​ឯងនឹង​ប្អូន​ឯង​ផង គ្រា​នោះអញ​នឹង​ឲ្យ​បង​ប្អូន​នោះ​ដល់​ឯង ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​ឯង​ទេ អញ​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដើម្បី​ឲ្យ​ឯង​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ ឥត​ដែល​ហើប​មាត់​ឯង​ឡើង​ទៀត​ឡើយ ដោយ​ឯង​មាន​សេចក្ដី​អៀន‌ខ្មាស ក្នុង​កាល​ដែល​អញ​បាន​អត់​ទោស​ដល់​ឯង ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 16