អេ‌សេ‌គាល 16:53-63

អេ‌សេ‌គាល 16:53-63 គកស១៦

យើង​នឹង​នាំ​ពួក​គេ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ ដោយ​អ្នក​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​គេ។ ឯ​ប្អូន​ស្រី​អ្នក គឺ​សូដុម និង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​អ្នក និង​កូន​អ្នក ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​អ្នក នោះ​ឈ្មោះ​សូដុម​ជា​ប្អូន​ស្រី​អ្នក មិន​បាន​ចេញ​ពី​មាត់​អ្នក​ឡើយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​អ្នក មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី និង​ពួក​អ្នក​នៅ​ជុំ‌វិញ ហើយ​ពួក​កូន​ស្រី​ភីលី‌ស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​អ្នក​នៅ​ព័ទ្ធ​ជុំ‌វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​ហើយ»។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។ ប៉ុន្តែ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​អ្នក ក្នុង​កាល​ដែល​អ្នក​នៅ​ក្មេង​នោះ ហើយ​យើង​នឹង​តាំង​សញ្ញា​មួយ​នឹង​អ្នក ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច​ទៀត។ នោះ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ប្អូន​ស្រី​របស់​អ្នក គឺ​បង​របស់​អ្នក និង​ប្អូន​របស់​អ្នក​ផង គ្រា​នោះ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​ដល់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

អាន អេ‌សេ‌គាល 16