និក្ខមនំ 8:16-32
និក្ខមនំ 8:16-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅទន្លេ ហើយទូលស្ដេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។ លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្ដេច ឥតមានទុកឲ្យនៅសល់មួយឡើយ។ ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។
និក្ខមនំ 8:16-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរបងលើកដំបងរបស់បងវាយធូលីដី ដើម្បីឲ្យធូលីដីក្លាយជាចៃ នៅពាសពេញក្នុងស្រុកអេស៊ីព្ទ"»។ ពួកលោកក៏ធ្វើដូច្នោះ គឺលោកអើរ៉ុនលើកដំបងវាយធូលីដី ហើយមានចៃនៅលើមនុស្ស និងសត្វ។ ធូលីដីទាំងអស់ក៏ក្លាយទៅជាចៃ នៅពាសពេញស្រុកអេស៊ីព្ទទាំងមូល។ ពួកគ្រូក៏ខំប្រើមន្តអាគមធ្វើដូច្នោះដែរ ដើម្បីបង្កើតចៃ តែធ្វើមិនបានឡើយ។ ដូច្នេះ ចៃទាំងនោះនៅលើមនុស្ស និងសត្វ។ ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ទៅឈរនៅមុខផារ៉ោន នៅពេលស្ដេចចេញទៅមាត់ទឹក ហើយទូលស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ ប្រសិនបើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នោះមើល៍ យើងនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើអ្នក លើពួកនាម៉ឺនមន្ត្រីរបស់អ្នក និងប្រជារាស្ត្ររបស់អ្នក មកក្នុងផ្ទះរបស់អ្នក ហើយផ្ទះរបស់សាសន៍អេស៊ីព្ទនឹងមានរុយពាសពេញទាំងអស់ ព្រមទាំងដីដែលគេរស់នៅដែរ។ ប៉ុន្ដែ នៅថ្ងៃនោះ យើងនឹងញែកស្រុកកូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅ មិនឲ្យមានរុយឡើយ ដើម្បីឲ្យអ្នកដឹងថា យើងជាព្រះយេហូវ៉ា យើងនៅកណ្ដាលផែនដីនេះ។ យើងនឹងញែក ប្រជារាស្ត្ររបស់យើង និងប្រជារាស្ត្ររបស់អ្នកឲ្យដាច់ចេញពីគ្នា។ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក"»។ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺមានរុយទាំងហ្វូងៗចូលមកក្នុងដំណាក់របស់ផារ៉ោន មកក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រី និងពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតអស់។ ពេលនោះ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរទៅថ្វាយយញ្ញបូជាដល់ព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ ប៉ុន្ដែ លោកម៉ូសេទូលថា៖ «មិនគួរគប្បីនឹងធ្វើដូច្នោះទេ ដ្បិតយញ្ញបូជាដែលយើងខ្ញុំថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ គឺជាទីស្អប់ខ្ពើម ដល់សាសន៍អេស៊ីព្ទ។ ប្រសិនបើយើងខ្ញុំថ្វាយយញ្ញបូជា នៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ តើគេនឹងមិនចោលយើងខ្ញុំនឹងថ្មទេឬ? យើងខ្ញុំត្រូវតែធ្វើដំណើរចម្ងាយផ្លូវដើរបីថ្ងៃ ទៅក្នុងទីរហាស្ថាន ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដូចព្រះអង្គបង្ហាញប្រាប់យើងខ្ញុំ»។ ដូច្នេះ ផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងបើកឲ្យអ្នករាល់គ្នាចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីរហាស្ថានបាន តែមិនត្រូវទៅឆ្ងាយពេកឡើយ។ ចូរអធិស្ឋានឲ្យយើងផង»។ ពេលនោះ លោកម៉ូសេទូលតបថា៖ «មើល៍ ទូលបង្គំចេញពីព្រះករុណាទៅ ហើយទូលបង្គំនឹងអង្វរដល់ព្រះយេហូវ៉ា ដើម្បីឲ្យហ្វូងរុយចេញពីព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណានៅថ្ងៃស្អែក សូមកុំឲ្យតែព្រះករុណាបញ្ឆោតតទៅទៀត ដោយមិនបើកឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ»។ ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយអធិស្ឋានដល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាក៏បានធ្វើតាម ដូចលោកម៉ូសេបានទូលសូម គឺរុយក៏ថយចេញពីផារ៉ោន ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្ដេច ឥតមាននៅសល់មួយឡើយ។ ប៉ុន្តែ ម្តងនេះទៀត ផារ៉ោនក៏នៅតែមានព្រះហឫទ័យរឹងទទឹង គឺស្ដេចមិនព្រមបើកឲ្យបណ្ដាជនចេញទៅឡើយ។
និក្ខមនំ 8:16-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅទន្លេ ហើយទូលស្ដេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។ លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្ដេច ឥតមានទុកឲ្យនៅសល់មួយឡើយ។ ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។
និក្ខមនំ 8:16-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃនៅពេញក្នុងស្រុកអេស៊ីព្ទ នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្ស ហើយនឹងសត្វផង នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ បើមិនព្រមឲ្យគេចេញទៅទេ នោះមើលអញនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើឯង លើពួកបំរើឯង ពួករាស្ត្រឯង ហើយនៅក្នុងផ្ទះទាំងប៉ុន្មានរបស់ឯងរាល់គ្នាផង បណ្តាផ្ទះនៃពួកសាសន៍អេស៊ីព្ទនឹងបានពេញដោយរុយទាំងអស់ ព្រមទាំងដីដែលគេអាស្រ័យនៅដែរ តែនៅថ្ងៃនោះ អញនឹងញែកស្រុកកូសែនដែលរាស្ត្រអញនៅមិនឲ្យមានរុយឡើយ ដើម្បីឲ្យឯងដឹងថា អញជាព្រះយេហូវ៉ាដ៏នៅកណ្តាលផែនដីនេះ អញនឹងផ្តាច់រាស្ត្រអញ នឹងរាស្ត្រឯងឲ្យដាច់ចេញពីគ្នា ឯទីសំគាល់នេះនឹងកើតឡើងនៅវេលាថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះមានរុយទាំងហ្វូង ដែលនាំឲ្យវេទនាចិត្ត មកក្នុងដំណាក់ផារ៉ោន ក្នុងផ្ទះពួកមហាតលិកទ្រង់ ហើយពេញក្នុងស្រុកអេស៊ីព្ទផង រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតទៅ។ នោះផារ៉ោន ទ្រង់ហៅម៉ូសេ នឹងអើរ៉ុនមកប្រាប់ថា ចូរឯងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃឯង នៅក្នុងស្រុកនេះចុះ តែម៉ូសេប្រកែកថា មិនគួរគប្បីនឹងធ្វើដូច្នោះទេ បើធ្វើយ៉ាងនោះ ឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជានៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី យើងខ្ញុំនឹងដើរផ្លូវចំនួន៣ថ្ងៃទៅក្នុងទីរហាស្ថានវិញ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ តាមបង្គាប់របស់ទ្រង់ នោះផារ៉ោនទ្រង់មានបន្ទូលថា អញនឹងបើកឲ្យឯងរាល់គ្នា ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនៅទីវាលរហាស្ថានបាន តែកុំឲ្យទៅឆ្ងាយពេក ចូរសូមអង្វរឲ្យអញផង ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម រុយក៏ថយចេញពីផារ៉ោន ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ គ្មាននៅសល់១សោះ ប៉ុន្តែផារ៉ោន ទ្រង់តាំងព្រះទ័យរឹងទទឹងឡើងវិញម្តងនេះទៀត គឺទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅឡើយ។