រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃនៅពេញក្នុងស្រុកអេស៊ីព្ទ នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្ស ហើយនឹងសត្វផង នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ បើមិនព្រមឲ្យគេចេញទៅទេ នោះមើលអញនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើឯង លើពួកបំរើឯង ពួករាស្ត្រឯង ហើយនៅក្នុងផ្ទះទាំងប៉ុន្មានរបស់ឯងរាល់គ្នាផង បណ្តាផ្ទះនៃពួកសាសន៍អេស៊ីព្ទនឹងបានពេញដោយរុយទាំងអស់ ព្រមទាំងដីដែលគេអាស្រ័យនៅដែរ តែនៅថ្ងៃនោះ អញនឹងញែកស្រុកកូសែនដែលរាស្ត្រអញនៅមិនឲ្យមានរុយឡើយ ដើម្បីឲ្យឯងដឹងថា អញជាព្រះយេហូវ៉ាដ៏នៅកណ្តាលផែនដីនេះ អញនឹងផ្តាច់រាស្ត្រអញ នឹងរាស្ត្រឯងឲ្យដាច់ចេញពីគ្នា ឯទីសំគាល់នេះនឹងកើតឡើងនៅវេលាថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះមានរុយទាំងហ្វូង ដែលនាំឲ្យវេទនាចិត្ត មកក្នុងដំណាក់ផារ៉ោន ក្នុងផ្ទះពួកមហាតលិកទ្រង់ ហើយពេញក្នុងស្រុកអេស៊ីព្ទផង រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតទៅ។ នោះផារ៉ោន ទ្រង់ហៅម៉ូសេ នឹងអើរ៉ុនមកប្រាប់ថា ចូរឯងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃឯង នៅក្នុងស្រុកនេះចុះ តែម៉ូសេប្រកែកថា មិនគួរគប្បីនឹងធ្វើដូច្នោះទេ បើធ្វើយ៉ាងនោះ ឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជានៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី យើងខ្ញុំនឹងដើរផ្លូវចំនួន៣ថ្ងៃទៅក្នុងទីរហាស្ថានវិញ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ តាមបង្គាប់របស់ទ្រង់ នោះផារ៉ោនទ្រង់មានបន្ទូលថា អញនឹងបើកឲ្យឯងរាល់គ្នា ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនៅទីវាលរហាស្ថានបាន តែកុំឲ្យទៅឆ្ងាយពេក ចូរសូមអង្វរឲ្យអញផង ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម រុយក៏ថយចេញពីផារ៉ោន ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ គ្មាននៅសល់១សោះ ប៉ុន្តែផារ៉ោន ទ្រង់តាំងព្រះទ័យរឹងទទឹងឡើងវិញម្តងនេះទៀត គឺទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅឡើយ។
អាន និក្ខមនំ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 8:16-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ