និក្ខមនំ 8:16-32

និក្ខមនំ 8:16-32 គកស១៦

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​វាយ​ធូលី​ដី ដើម្បី​ឲ្យ​ធូលី​ដី​ក្លាយ​ជា​ចៃ នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ"»។ ពួក​លោក​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី ហើយ​មាន​ចៃ​នៅ​លើ​មនុស្ស និង​សត្វ។ ធូលី​ដី​ទាំង​អស់​ក៏​ក្លាយ​ទៅ​ជា​ចៃ នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ពួក​គ្រូ​ក៏​ខំ​ប្រើ​មន្តអាគម​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​បង្កើត​ចៃ តែ​ធ្វើ​មិន​បាន​ឡើយ។ ដូច្នេះ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស និង​សត្វ។ ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ឈរ​នៅ​មុខ​ផារ៉ោន នៅ​ពេល​ស្ដេច​ចេញ​ទៅ​មាត់​ទឹក ហើយ​ទូល​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នឹង​មាន​រុយ​ពាស​ពេញ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​រស់​នៅ​ដែរ។ ប៉ុន្ដែ នៅ​ថ្ងៃ​នោះ យើង​នឹង​ញែក​ស្រុក​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា យើង​នៅ​កណ្ដាល​ផែន‌ដី​នេះ។ យើង​នឹង​ញែក ប្រជា‌រាស្ត្រ​របស់​យើង និង​ប្រជា‌រាស្ត្រ​របស់​អ្នក​ឲ្យ​ដាច់​ចេញ​ពី​គ្នា។ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក"»។ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​មាន​រុយ​ទាំង​ហ្វូងៗ​ចូល​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន មក​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី និង​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​អស់។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ថា៖ «មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ ដ្បិត​យញ្ញ‌បូជា​ដែល​យើង​ខ្ញុំ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ គឺ​ជា​ទី​ស្អប់​ខ្ពើម ដល់​សាសន៍​អេស៊ីព្ទ។ ប្រសិន‌បើ​យើង​ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ តើ​គេ​នឹង​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ? យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ទៅ​ក្នុង​ទី‌រហា‌ស្ថាន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដូច​ព្រះ‌អង្គ​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។ ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី‌រហា‌ស្ថាន​បាន តែ​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពេក​ឡើយ។ ចូរ​អធិស្ឋាន​ឲ្យ​យើង​ផង»។ ពេល​នោះ លោក​ម៉ូសេ​ទូល​តប​ថា៖ «មើល៍ ទូល‌បង្គំ​ចេញ​ពី​ព្រះ‌ករុណា​ទៅ ហើយ​ទូល​បង្គំ​នឹង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ហ្វូង​រុយ​ចេញ​ពី​ព្រះ‌ករុណា ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​ស្អែក សូម​កុំ​ឲ្យ​តែ​ព្រះ‌ករុណា​បញ្ឆោត​តទៅ​ទៀត ដោយ​មិន​បើក​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ចាក​ចេញ​ពី​ផារ៉ោន ហើយ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ក៏បាន​ធ្វើ​តាម ដូច​លោក​ម៉ូសេ​បាន​ទូល​សូម គឺ​រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​នៅ​សល់​មួយ​ឡើយ។ ប៉ុន្តែ ម្តង​នេះ​ទៀត ផារ៉ោន​ក៏​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង គឺ​ស្ដេច​មិន​ព្រម​បើក​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​ឡើយ។

អាន និក្ខមនំ 8