និក្ខមនំ 30:1-10

និក្ខមនំ 30:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ធ្វើ​អាស‌នា​មួយ​ពី​ឈើ​នាង‌នួន​សម្រាប់​ដុត​គ្រឿង​ក្រអូប។ អាសនា​នោះ​ត្រូវ​មាន​បណ្តោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​ពីរ​ហត្ថ ឯ​ស្នែង​អាស‌នា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាស‌នា។ ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំ‌វិញ ព្រម​ទាំង​ស្នែង​ផង។ ត្រូវ​ធ្វើ​គែម​ដោយ​មាស​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​ពី​ក្រោម​គែម​នោះ ត្រូវ​ធ្វើ​កង​មាស​ពីរ​ដាក់​ភ្ជាប់​នៅ​សង​ខាង សម្រាប់​ស៊ក​ឈើ​ស្នែង​សែង​អាសនា។ ត្រូវ​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។ ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​សញ្ញា​នោះ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ ហើយ​រាល់​ល្ងាច ពេល​គាត់ដុត​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ជំនាន់​របស់អ្នក​រាល់​គ្នា​ត​ទៅ។ មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ។ មួយ​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​រំដោះ​បាបមក​ប្រឡាក់​នៅ​ស្នែង​របស់​អាសនា គឺ​មួយ​ឆ្នាំ​ម្តង គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​លើ​អាស‌នា​នេះ គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នាត​ទៅ។ នេះ​ជា​អាសនា​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន សម្រាប់​ដុត​គ្រឿង​ក្រអូប។ អាសនៈ​ត្រូវ​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កម្ពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។ អាសនៈ​ទាំង​មូល​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំ‌វិញ​ត្រូវ​ធ្វើ​ពី​មាស។ ត្រូវ​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។ ត្រូវ​ធ្វើ​ឈើ​ស្នែង​ពីរ​ពី​ឈើ​នាង‌នួន ហើយ​ស្រោប​មាស​ផង។ ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គម្រប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។ រៀង​រាល់​ព្រឹក ពេល​អើរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​លើ​អាសនៈ​នេះ​ឡើយ។ មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ធ្វើ​អាសនា​១​ពី​ឈើ​នាង‌នួន​សំរាប់​ដុត​គ្រឿង​ក្រអូប ឲ្យ​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ឯ​ស្នែង​អាសនា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាសនា ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ហើយ​ត្រូវ​ធ្វើ​កែម​ដោយ​មាស​ព័ទ្ធ​ជុំវិញ​ដែរ នៅ​ពី​ក្រោម​កែម​នោះ​ត្រូវ​ធ្វើ​កង​មាស​២​ដាក់​ភ្ជាប់​នៅ​សង​ខាង សំរាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ ឯ​ឈើ​ស្នែង​សោត ក៏​ត្រូវ​ធ្វើ​ពី​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស​ដែរ ត្រូវ​ដាក់​អាសនា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​ដង្វាយ​ម្សៅ​ណា​នៅ​លើ​អាសនា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​ដង្វាយ​អ្វី​លើ​អាសនា​នេះ​ដែរ ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាសនា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាសនា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន និក្ខមនំ 30

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ