និក្ខមនំ 30

30
អាស‌នា​គ្រឿង​ក្រអូប
1ត្រូវ​ធ្វើ​អាស‌នា​មួយ​ពី​ឈើ​នាង‌នួន​សម្រាប់​ដុត​គ្រឿង​ក្រអូប។ 2អាសនា​នោះ​ត្រូវ​មាន​បណ្តោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​ពីរ​ហត្ថ ឯ​ស្នែង​អាស‌នា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាស‌នា។ 3ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំ‌វិញ ព្រម​ទាំង​ស្នែង​ផង។ ត្រូវ​ធ្វើ​គែម​ដោយ​មាស​ព័ទ្ធ​ជុំ‌វិញ​ដែរ។ 4នៅ​ពី​ក្រោម​គែម​នោះ ត្រូវ​ធ្វើ​កង​មាស​ពីរ​ដាក់​ភ្ជាប់​នៅ​សង​ខាង សម្រាប់​ស៊ក​ឈើ​ស្នែង​សែង​អាសនា។ 5ត្រូវ​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។ 6ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​សញ្ញា​នោះ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ 7អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ 8ហើយ​រាល់​ល្ងាច ពេល​គាត់ដុត​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ជំនាន់​របស់អ្នក​រាល់​គ្នា​ត​ទៅ។ 9មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ។ 10មួយ​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​រំដោះ​បាបមក​ប្រឡាក់​នៅ​ស្នែង​របស់​អាសនា គឺ​មួយ​ឆ្នាំ​ម្តង គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​លើ​អាស‌នា​នេះ គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នាត​ទៅ។ នេះ​ជា​អាសនា​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ‌យេហូវ៉ា។
ប្រាក់​កន្លះ​សេកែល​សម្រាប់​ថ្វាយ​ក្នុង​ទី​បរិសុទ្ធ
11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 12«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។ 13អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​កន្លះ​សេកែល តាម​ខ្នាត​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​មួយ​សេកែល​ស្មើ​នឹង​ម្ភៃ​កេរ៉ា) កន្លះ​សេកែល​នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 14អស់​អ្នក​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ត្រូវ​បង់​ថ្លៃ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 15អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​កន្លះ​សេកែល​ដែរ សម្រាប់​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​លោះ​ជីវិត​របស់​ខ្លួន។ 16ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​នោះ​ពី​កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ទុក​ជា​សេចក្ដី​រំឭក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ជា​តង្វាយ​លោះ​ជីវិត​របស់​ខ្លួន»។
ចាន​ក្លាំ​ដែល​ធ្វើ​ពី​លង្ហិន
17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 18«ត្រូវ​ធ្វើ​ចាន​ក្លាំ និង​ជើង​ទ្រ​ពី​លង្ហិន សម្រាប់​លាង​សម្អាត ហើយ​ត្រូវ​ដាក់​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ត្រូវ​ដាក់​ទឹក​ក្នុង​ចាន​ក្លាំ​នោះ 19អើរ៉ុន និង​កូន​របស់​គាត់​ត្រូវ​លាង​ដៃ​លាង​ជើង​នឹង​ទឹក​នោះ។ 20កាល​ណា​ពួក​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​កាល​ណា​ចូល​ទៅ​ជិត​អាស‌នា​ដើម្បី​ធ្វើ​ការ‌ងារ និង​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​គេ​លាង​នឹង​ទឹក​នោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់។ 21ពួក‌គេ​ត្រូវ​លាង​ដៃ ហើយ​លាង​ជើង ដើម្បី​កុំ​ឲ្យ​ពួក‌គេ​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អើរ៉ុន និង​ពូជ‌ពង្ស​របស់​គាត់ គ្រប់​ជំនាន់​ត​រៀង​ទៅ»។
ប្រេង​សម្រាប់​លាប​តាំង និង​គ្រឿង​ក្រអូប
22ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ 23«ចូរ​យក​គ្រឿង​ក្រអូប​ដែល​វិសេស គឺ​ជ័រ​ល្វីង‌ទេស​សុទ្ធ​ប្រាំ​រយ​សេកែល សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្ដាល គឺ​ពីរ​រយ‌ហាសិប​សេកែល ឫស​កន្ធាយ​ពីរ​រយ‌ហាសិប​សេកែល 24កំញាន​ប្រាំ​រយ​សេកែល តាម​រង្វាល់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ និង​ប្រេង​អូលីវ​ប្រាំបី​កំប៉ុង។ 25ត្រូវ​ផ្សំ​គ្រឿង​ទាំង​នេះ​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ពិធី​លាប​តាំង ដែល​បាន​លាយ​ចូល​គ្នា តាម​វិធី​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​លាប​តាំង។ 26ត្រូវ​យក​ប្រេង​នេះ​ចាក់​លាប​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា 27តុ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​តុ ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​របស់​ចង្កៀង អាស‌នា​គ្រឿង​ក្រអូប 28អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាស‌នា ចាន​ក្លាំ និង​ជើង​ទ្រ។ 29ត្រូវ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​បំផុត ឯ​អ្វីៗ​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះ ក៏​នឹង​ទៅ​ជា​បរិសុទ្ធ​ដែរ។ 30ត្រូវ​ចាក់​ប្រេង​លើ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ញែក​ពួក‌គេ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។ 31ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "នេះ​ជា​ប្រេង​សម្រាប់​ពិធី​លាប​តាំង​របស់​យើង គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នា​តទៅ។ 32មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​ណា​ឲ្យ​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​រាប់​ប្រេង​នេះ​ជា​បរិសុទ្ធ។ 33អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។
34ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ (គ្រឿង​នីមួយៗ​ត្រូវ​ឲ្យ​ស្មើ​គ្នា) 35ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ត្រូវ​ដាក់​អំបិល ឲ្យ​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ។ 36ត្រូវ​យក​ខ្លះ​កិន​ឲ្យ​ម៉ដ្ត ទៅ​ដាក់​នៅ​មុខ​សេចក្ដី​សញ្ញា​ក្នុង​ត្រសាល​ជំនុំ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ទុក​ជា​បរិសុទ្ធ​បំផុត។ 37កុំ​ផ្សំ​គ្រឿង​ណា​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ​សម្រាប់​អ្នក​ឡើយ អ្នក​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធថ្វាយ​ព្រះ‌យេហូវ៉ា។ 38បើ​អ្នក​ណា​ដែល​ផ្សំ​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ ទុក​សម្រាប់​នឹង​ប្រើ​ប្រាស់ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល