និក្ខមនំ 29

29
ការ​តែង‌តាំង​ពួក​សង្ឃ
1នេះ​ជា​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ញែក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ ឲ្យ​បាន​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង គឺ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ 2នំបុ័ង​ឥត​ដំបែ នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង និង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ហើយ​ត្រូវ​ធ្វើ​ពី​ម្សៅ​ភោជ្ជ‌សាលី​យ៉ាង​ម៉ដ្ត។ 3ត្រូវ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា‌មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​ពីរ។ 4ត្រូវ​នាំ​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​លាង​សម្អាត​ពួក‌គេ។ 5ត្រូវ​យក​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ 6ព្រម​ទាំង​បំពាក់​មួក​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ។ 7ត្រូវ​យក​ប្រេង​សម្រាប់​ចាក់​លាប មក​ចាក់​លើ​ក្បាល ហើយ​តែង​តាំង​គាត់​ឡើង។ 8បន្ទាប់​មក ត្រូវ​នាំ​កូន​របស់​គាត់​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ 9ត្រូវ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​ពួក‌គេ រួច​ពាក់​ឈ្នួត​ឲ្យ​ពួក‌គេ​ផង នោះ​ការ‌ងារ​ជា​សង្ឃ​នឹង​បាន​ជា​របស់​ពួកគេ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច។ គឺ​យ៉ាង​នោះ​ឯង​អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​ពួក​កូន​របស់​គាត់​ឡើង។
10ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ 11ត្រូវ​សម្លាប់​គោ​នោះ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 12ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​នោះ ហើយ​យក​ខ្លះ​ប្រឡាក់​នៅ​ស្នែង​អាស‌នា រួច​ឈាម​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ចាក់នៅ​ជើង​អាស‌នា។ 13ត្រូវ​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ដុំ​ថ្លើម អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​រុំ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា។ 14រីឯ​សាច់ ស្បែក និង​លា​មក​របស់​វា ត្រូវ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​តង្វាយ​លោះ​បាប។
15ត្រូវ​យក​ចៀម​ឈ្មោល​មួយ​មក ហើយ​អើរ៉ុន និង​កូន​របស់​គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ 16ត្រូវ​សម្លាប់​ចៀម​នោះ យក​ឈាម​ទៅ​ប្រោះ​នៅ​គ្រប់​ជុំ‌វិញ​លើ​អាស‌នា។ 17បន្ទាប់​មក ត្រូវ​កាប់​ជា​ដុំៗ ហើយ​លាង​អាការៈ​ខាង​ក្នុង និង​ជើង​របស់​វា រួច​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល 18ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា។ នេះ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​តង្វាយ​ដុត​នឹង​ភ្លើង សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
19ត្រូវ​យក​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​ដាក់​ដៃ​លើ​ក្បាល​ចៀម 20រួច​សម្លាប់​វា ហើយ​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​របស់​អើរ៉ុន និង​លើ​ទង​ត្រចៀក​ស្តាំ​កូន​ៗ​របស់​គាត់ លើ​មេ​ដៃ​ស្តាំ និង​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​គ្រប់​លើ​អាស‌នា​ជុំ‌វិញ។ 21ត្រូវ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​សម្រាប់​លាប​តាំង ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សម្លៀក‌បំពាក់ លើ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ នោះ​គាត់​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សម្លៀក‌បំពាក់ ហើយ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។
22ត្រូវ​យក​ខ្លាញ់​ចៀម​ឈ្មោល​នោះ ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​ពីរ ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ និង​ស្មា​ស្តាំ​ផង (ដ្បិត​នេះ​ជា​ចៀម​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ) 23ហើយ​ត្រូវ​យក​នំបុ័ង​មួយ​ដុំ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​កញ្ច្រែង​ដាក់​នំ​ឥត​ដំបែ ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 24រួច​ដាក់​ទាំង​អស់​លើ​បាត​ដៃ​របស់​អើរ៉ុន និង​លើ​បាត​ដៃ​កូន​របស់​គាត់ ហើយ​គ្រវី​នំ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 25បន្ទាប់​មក ត្រូវ​យក​ទាំង​អស់​ចេញ​ពី​ដៃ​ពួក‌គេ ទៅ​ដុត​នៅ​លើ​តង្វាយ​ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាស‌នា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ នេះ​ហើយ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
26ត្រូវ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សាច់​នោះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។ 27ឯ​សាច់​ទ្រូង និង​ស្មា​របស់​ចៀម​ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន និង​កូន​របស់​គាត់​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​សាច់​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង។ 28នោះ​ជា​របស់​អើរ៉ុន និង​កូន​របស់​គាត់ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ជា​តង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​តង្វាយ​លើក​ចុះ​ឡើង ជា​តង្វាយ​សម្រាប់​ព្រះ‌យេហូវ៉ា។
29សម្លៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន ត្រូវ​ទុក​ឲ្យ​កូន​ៗ​របស់​គាត់​រហូត​ត​ទៅ ដើម្បី​ឲ្យ​គេ​បាន​ស្លៀក‌ពាក់ នៅ​ពេល​ទទួល​ពិធី​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ។ 30កូន​ដែល​ត្រូវ​ទទួល​តំណែង​ជា​សង្ឃ​ជំនួស​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ នៅ​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​បំពេញ​មុខ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ។
31ត្រូវ​យក​សាច់​ចៀម​ឈ្មោល​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ មក​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ 32អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិ‌ភោគ​សាច់​ចៀម និង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ។ 33គេ​ត្រូវ​បរិ‌ភោគ​តង្វាយ​ទាំង​នោះ ដែល​បាន​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​តែង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ រី​ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​អាហារ​ទាំង​នោះ​ជា​អាហារ​បរិសុទ្ធ។ 34ប្រសិន‌បើ​មាន​សាច់​សល់​ពី​ពិធី​នោះ ឬ​នំបុ័ង​បាន​នៅ​សល់​រហូត​ដល់​ព្រឹក នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​ក្នុង​ភ្លើង មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​អាហារ​បរិសុទ្ធ។
35ត្រូវ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំពោះ​អើរ៉ុន និង​កូន​របស់​គាត់ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នក។ ត្រូវ​ធ្វើ​ពិធី​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ។ 36រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​ឈ្មោល​មួយ​ជា​តង្វាយ​លោះ​បាប ដើម្បី​រំដោះ​បាប។ ត្រូវ​សម្អាត​អាស‌នា​ឲ្យ​បាន​បរិសុទ្ធ នៅ​ពេល​អ្នក​ធ្វើ​ពិធី​រំដោះ​បាប រួច​ត្រូវ​ចាក់​ប្រេង​ពីលើ ដើម្បី​ញែក​អាស‌នា​ចេញ​ជា​បរិសុទ្ធ។ 37ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ថ្វាយ​តង្វាយ​ជម្រះ​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​បំផុត ហើយ​អ្វី​ៗ​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។
តង្វាយ​ប្រចាំ​ថ្ងៃ
38រីឯ​តង្វាយ​ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​ថ្ងៃ នោះ​គឺ​កូន​ចៀម​ពីរ អាយុ​មួយ​ខួប។ 39កូន​ចៀម​មួយ​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច 40ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ភាគ​ក្នុង​ដប់​ក្នុង​មួយ​ថាំង លាយ​នឹង​ប្រេង​សម្រាំង​មួយ​កំប៉ុង និង​តង្វាយ​ច្រូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​កំប៉ុង​ផង។ 41លុះ​ដល់​ល្ងាច ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​ទៀត ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ដូច​នៅ​ពេល​ព្រឹក​ដែរ នេះ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 42នេះ​ជា​តង្វាយ​ដុត​ជា‌ប្រចាំ ដែល​កូន​ចៅ​របស់​អ្នក​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ដើម្បី​និយាយ​ជា‌មួយ​អ្នក។ 43យើង​នឹង​មក​ជួប​ជា‌មួយ​កូន​ចៅ​អ៊ី‌ស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​របស់​យើង។ 44យើង​នឹង​ញែក​ត្រសាល​ជំនុំ និង​អាស‌នា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ញែក​អើរ៉ុន និង​កូន​ៗរបស់​គាត់​ចេញ​ជា​បរិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក‌គេ​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។ 45យើង​នឹង​ស្ថិត​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក‌គេ។ 46ពួក‌គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​យើង​បាន​នៅ​កណ្ដាល​គេ យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល