និក្ខមនំ 30:1-10

និក្ខមនំ 30:1-10 គកស១៦

ត្រូវ​ធ្វើ​អាស‌នា​មួយ​ពី​ឈើ​នាង‌នួន​សម្រាប់​ដុត​គ្រឿង​ក្រអូប។ អាសនា​នោះ​ត្រូវ​មាន​បណ្តោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​ពីរ​ហត្ថ ឯ​ស្នែង​អាស‌នា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាស‌នា។ ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំ‌វិញ ព្រម​ទាំង​ស្នែង​ផង។ ត្រូវ​ធ្វើ​គែម​ដោយ​មាស​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​ពី​ក្រោម​គែម​នោះ ត្រូវ​ធ្វើ​កង​មាស​ពីរ​ដាក់​ភ្ជាប់​នៅ​សង​ខាង សម្រាប់​ស៊ក​ឈើ​ស្នែង​សែង​អាសនា។ ត្រូវ​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។ ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​សញ្ញា​នោះ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ ហើយ​រាល់​ល្ងាច ពេល​គាត់ដុត​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ជំនាន់​របស់អ្នក​រាល់​គ្នា​ត​ទៅ។ មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ។ មួយ​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​រំដោះ​បាបមក​ប្រឡាក់​នៅ​ស្នែង​របស់​អាសនា គឺ​មួយ​ឆ្នាំ​ម្តង គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​លើ​អាស‌នា​នេះ គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នាត​ទៅ។ នេះ​ជា​អាសនា​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ‌យេហូវ៉ា។

អាន និក្ខមនំ 30