និក្ខមនំ 20:1-17

និក្ខមនំ 20:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «យើង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះអង្គ​ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។ ចូរ​រំឭក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះអង្គ​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។ ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។ កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា៖ «យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង តែ​យើង​ផ្តល់​សេចក្ដី​សប្បុរស​រហូត​ដល់​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​យើង។ មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ជា​អសារ​ឥត​ការ​នោះ​ឡើយ។ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​ថ្ងៃ​បរិសុទ្ធ។ ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ ត្រូវ​ធ្វើ​អស់​ទាំង​កិច្ច​ការ​របស់​អ្នក​ចុះ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទោះ​ខ្លួន​អ្នក កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្តី ទោះ​បាវ​បម្រើ​ប្រុស បាវ​បម្រើ​ស្រី ទោះ​សត្វ​របស់​អ្នក ឬ​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក្ដី។ ដ្បិត​ក្នុង​រវាង​ប្រាំ​មួយ​ថ្ងៃ ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ឈប់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។ ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។ កុំ​លោភ​ចង់​បាន​ផ្ទះ​របស់​អ្នក​ជិត​ខាង​ខ្លួន កុំ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​បម្រើ​ប្រុស​ស្រី​របស់​គេ គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ជិត​ខាង​ខ្លួន​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។ កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន​វិញ។ កុំ​ឲ្យ​ចេញ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ។ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។ ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។ កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។ កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

ចែក​រំលែក
អាន និក្ខមនំ 20