និក្ខមនំ 20:1-17

និក្ខមនំ 20:1-17 ពគប

នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។ កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន​វិញ។ កុំ​ឲ្យ​ចេញ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ។ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។ ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។ កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។ កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

អាន និក្ខមនំ 20