និក្ខមនំ 20

20
បទ‌បញ្ជា​ទាំង​ដប់​ប្រការ
1ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ 2«យើង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។
3មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។
4 មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ 5 មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ 6ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។
7 មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះអង្គ​ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។
8 ចូរ​រំឭក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។ 9 អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ 10តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ 11 ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះអង្គ​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។
12 ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។
13 កុំ​សម្លាប់​មនុស្ស។
14 កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
15 កុំ​លួច​ប្លន់​គេ។
16 កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។
17 កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។
18 ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ‌លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។ 19ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់» ។ 20លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌ជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បង‌ល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះអង្គ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។
21ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​គង់​នៅ។
ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អាសនៈ
22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។ 23អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។ 24ចូរ​សង់​អាសនៈ​មួយ​អំពី​ដី​សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព* នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។ 25 ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្ម‌ដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​វិសុទ្ធ។ 26មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 20: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល