និក្ខមនំ 18:14-23

និក្ខមនំ 18:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។ លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ! ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន និង​ប្រជា‌ជន​ដែល​នៅ​ជា​មួយ​នឿយ‌ហត់​ទាំង​អស់​គ្នា។ ការ‌ងារ​នេះ​ធ្ងន់‌ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។ ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។ ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹង‌ប៉ឹង រីឯ​ប្រជា‌ជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត​ដែរ»។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?» លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។ កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ថា៖ «អ្វី​ដែល​កូន​កំពុង​ធ្វើ​នេះ មិន​ល្អ​ទេ។ ដ្បិត​កូន​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​ជា‌មួយ​កូន​ទៀត​ដែរ ព្រោះ​ការ​នេះ​ធ្ងន់​ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ។ ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ ត្រូវ​បង្រៀន​គេ​អំពី​បញ្ញត្តិ និង​ច្បាប់ទាំង​ឡាយ ហើយ​បង្ហាញ​គេ​ឲ្យ​ស្គាល់​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ។ កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​អស់​ទាំង​រឿង​ណា​ធំ​ៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​កូន តែ​បើ​រឿង​តូច​តាច ត្រូវ​ឲ្យ​គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ​ទៅ។ ធ្វើ​ដូច្នោះ​កូន​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន‌បើ​កូន​ព្រម​ធ្វើ​ដូច្នេះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​កូន​ផង នោះ​កូន​អាច​នឹង​ស្ថិត‌ស្ថេរ​បាន ហើយ​ប្រជា‌ជន​ទាំង​នេះ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​គេ​វិញ​ដោយ​សុខ‌សាន្ត»។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សំរាប់​ពួក​បណ្តាជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តាជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តាជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តាជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់ ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ នឹង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តាជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 18