និក្ខមនំ 18

18
ដំបូន្មាន​របស់​លោក​យេត្រូ
1លោក​យេត្រូ​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ដំណើរ​ដែល​ព្រះ​អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ 2នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ 3ព្រម​ទាំង​កូន​របស់​នាង​ទាំង​ពីរ​ដែរ គឺ​មួយ​ឈ្មោះ​គើសម (ដ្បិត​លោក​ម៉ូសេ​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ប្រទេស​ដទៃ») 4ហើយ​មួយ​ទៀត​ឈ្មោះ​អេលា‌ស៊ើរ (ដ្បិត​លោក​គិត​ថា «ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ក៏​បានរំ​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន»)។ 5លោក​យេត្រូ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ និង​កូន​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​ម៉ូសេ ក៏​នាំ​គ្នា​មក​រក​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ។ 6លោក​យេត្រូ​ឲ្យ​គេ​ទៅប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ យេត្រូ ជា​ឪពុក​ក្មេក​របស់​កូន ធ្វើ​ដំណើរ​មក​ជួប​កូន នាំ​ទាំង​ប្រពន្ធ និង​កូន​ទាំង​ពីរ​របស់​កូន​មក​ជា‌មួយ​ដែរ»។ 7លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។ 8លោក​ម៉ូសេ​ចាប់​ផ្តើម​រៀប‌រាប់​ប្រាប់​ឪពុក​ក្មេក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​យល់​ដល់​អ៊ីស្រា‌អែល ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ និង​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​ពួក‌គេ​ឲ្យ​រួច។ 9លោក​យេត្រូ​ក៏​មាន​ចិត្ត​ត្រេក​អរ​ចំពោះ​ការ​ល្អទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​អ៊ីស្រា‌អែល ដោយ​ព្រះ‌អង្គ​បាន​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ។
10លោក​យេត្រូ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន។ 11ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធំ​លើស​អស់​ទាំង​ព្រះ ព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌ជន​នេះ ឲ្យ​រួច​ពី​អំណាច​សាសន៍​អេស៊ីព្ទ នៅ​ពេល​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​ប្រជាជន​នេះ​ដោយ​ព្រហើន»។ 12លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។
13លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ឯ​ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ 14កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?» 15លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។ 16កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។ 17ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ថា៖ «អ្វី​ដែល​កូន​កំពុង​ធ្វើ​នេះ មិន​ល្អ​ទេ។ 18ដ្បិត​កូន​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​ជា‌មួយ​កូន​ទៀត​ដែរ ព្រោះ​ការ​នេះ​ធ្ងន់​ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ។ 19ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ 20ត្រូវ​បង្រៀន​គេ​អំពី​បញ្ញត្តិ និង​ច្បាប់ទាំង​ឡាយ ហើយ​បង្ហាញ​គេ​ឲ្យ​ស្គាល់​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ។ 21កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ 22ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​អស់​ទាំង​រឿង​ណា​ធំ​ៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​កូន តែ​បើ​រឿង​តូច​តាច ត្រូវ​ឲ្យ​គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ​ទៅ។ ធ្វើ​ដូច្នោះ​កូន​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​ជួយ​រំលែក​បន្ទុក​របស់​កូន។ 23ប្រសិន‌បើ​កូន​ព្រម​ធ្វើ​ដូច្នេះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​កូន​ផង នោះ​កូន​អាច​នឹង​ស្ថិត‌ស្ថេរ​បាន ហើយ​ប្រជា‌ជន​ទាំង​នេះ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​គេ​វិញ​ដោយ​សុខ‌សាន្ត»។
24លោក​ម៉ូសេ​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ប្រសាសន៍។ 25លោក​ម៉ូសេ​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់ ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ រួច​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​បណ្ដា​‌ជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ 26អ្នក​ទាំង​នោះ​‌កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​រឿង‌រ៉ាវ​ណា​ពិបាកៗ គេ​យក​មក​ដល់​លោក​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​តូចតាច គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ។ 27បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេកក៏​លា​គ្នា ហើយ​លោក​យេត្រូ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល