និក្ខមនំ 18:14-23

និក្ខមនំ 18:14-23 គកស១៦

កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?» លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។ កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ថា៖ «អ្វី​ដែល​កូន​កំពុង​ធ្វើ​នេះ មិន​ល្អ​ទេ។ ដ្បិត​កូន​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​ជា‌មួយ​កូន​ទៀត​ដែរ ព្រោះ​ការ​នេះ​ធ្ងន់​ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ។ ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ ត្រូវ​បង្រៀន​គេ​អំពី​បញ្ញត្តិ និង​ច្បាប់ទាំង​ឡាយ ហើយ​បង្ហាញ​គេ​ឲ្យ​ស្គាល់​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ។ កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​អស់​ទាំង​រឿង​ណា​ធំ​ៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​កូន តែ​បើ​រឿង​តូច​តាច ត្រូវ​ឲ្យ​គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ​ទៅ។ ធ្វើ​ដូច្នោះ​កូន​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន‌បើ​កូន​ព្រម​ធ្វើ​ដូច្នេះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​កូន​ផង នោះ​កូន​អាច​នឹង​ស្ថិត‌ស្ថេរ​បាន ហើយ​ប្រជា‌ជន​ទាំង​នេះ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​គេ​វិញ​ដោយ​សុខ‌សាន្ត»។

អាន និក្ខមនំ 18