នាងអេសធើរ 6:12-14
នាងអេសធើរ 6:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។ លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។ អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។
នាងអេសធើរ 6:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ម៉ាដេកាយវិលត្រឡប់ទៅទ្វារព្រះរាជវាំងវិញ តែហាម៉ានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ទាំងសោកសៅ ហើយឃ្លុំក្បាល។ ហាម៉ានរៀបរាប់ប្រាប់សេរែស ជាប្រពន្ធ និងមិត្តសម្លាញ់របស់លោកទាំងប៉ុន្មាន ពីអស់ទាំងហេតុការណ៍ដែលបានកើតឡើងចំពោះលោក។ ពេលនោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែសជាប្រពន្ធ ពោលទៅកាន់លោកថា៖ «ប្រសិនបើម៉ាដេកាយជាសាសន៍យូដា ដែលលោកបានចាប់ផ្ដើមដួលនៅចំពោះគាត់ហើយ នោះលោកពុំអាចឈ្នះគាត់បានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាប្រាកដ»។ កាលគេកំពុងនិយាយជាមួយលោកនៅឡើយ នោះពួកមហាតលិករបស់ស្តេចក៏មកដល់ ហើយដាស់តឿនហាម៉ាន ឲ្យទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេធើរបានរៀបចំ។
នាងអេសធើរ 6:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ តែឯហាម៉ានលោកប្រញាប់ប្រញាល់ទៅឯផ្ទះ ដោយសៅសោក ហើយគ្រលំក្បាល លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ នឹងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក នឹងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ កាលគេកំពុងតែនិយាយនឹងលោកនៅឡើយ នោះមានពួកភ្នាក់ងាររបស់ស្តេចមកដល់ ដាស់តឿនហាម៉ាន ឲ្យទៅបរិភោគលៀង ដែលអេធើរបានរៀបចំទុក។