នាងអេសធើរ 6
6
1នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច 2នោះឃើញមានសេចក្ដីកត់ទុក ពីម៉ាដេកាយបានប្តឹងពីប៊ីកថាន នឹងថេរែស ជាភ្នាក់ងារ២នាក់របស់ស្តេច ក្នុងពួកអ្នកឆ្មាំទ្វារ ដែលបានរកឱកាសដល់ព្រះជន្មនៃស្តេចអ័ហាស៊ូរុស 3ស្តេចមានបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ នឹងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិកដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ 4ខណនោះ ស្តេចមានបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ 5ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានបន្ទូលថា ចូរឲ្យលោកចូលមកចុះ 6ហាម៉ានក៏ចូលមក រួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ 7ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ 8នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ នឹងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក 9ហើយប្រគល់ប្រដាប់ទាំងនោះ នឹងសេះដល់ម្នាក់ ជាអ្នកប្រធានវិសេសបំផុតរបស់ស្តេច ឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាទ្រង់សព្វព្រះទ័យចង់លើកមុខនោះ រួចបញ្ជិះសេះបណ្តើរនាំទៅតាមផ្លូវទីក្រុង ហើយស្រែកប្រកាសនៅមុខអ្នកនោះថា អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខនោះបានដូច្នេះហើយ 10ដូច្នេះ ស្តេចទ្រង់មានបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ នឹងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ 11ហាម៉ានក៏យកព្រះពស្ត្រារាជ្យ នឹងសេះនោះមក រួចបំពាក់ឲ្យម៉ាដេកាយ ហើយបញ្ជិះគាត់បណ្តើរនាំទៅតាមផ្លូវទីក្រុង ដោយស្រែកប្រកាសនៅមុខគាត់ថា អ្នកដែលស្តេចទ្រង់សព្វព្រះទ័យចង់លើកមុខ នោះបានដូច្នេះហើយ 12រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ តែឯហាម៉ានលោកប្រញាប់ប្រញាល់ទៅឯផ្ទះ ដោយសៅសោក ហើយគ្រលំក្បាល 13លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ នឹងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក នឹងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ 14កាលគេកំពុងតែនិយាយនឹងលោកនៅឡើយ នោះមានពួកភ្នាក់ងាររបស់ស្តេចមកដល់ ដាស់តឿនហាម៉ាន ឲ្យទៅបរិភោគលៀង ដែលអេធើរបានរៀបចំទុក។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.