នាងអេសធើរ 6
6
ស្ដេចលើកមុខលោកម៉ាដេកាយ
1នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។ 2ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាមហាតលិកពីររូប ក្នុងចំណោមពួកឆ្មាំទ្វាររបស់ស្តេច ដែលរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។ 3ស្តេចមានរាជឱង្ការសួរថា៖ «តើគេបានដំឡើងបុណ្យស័ក្ដិ ឬលើកកិត្តិយសអ្វីខ្លះដល់លោកម៉ាដេកាយ សម្រាប់ការនេះ?» ពួករាជបម្រើដែលចាំបម្រើស្តេច ទូលថា៖ «មិនបានធ្វើអ្វីដល់គាត់ទាល់តែសោះ»។ 4ស្តេចមានរាជឱង្ការថា៖ «តើអ្នកណានៅដើរក្នុងទីធ្លានោះ?» ពេលនោះ ហាម៉ានទើបនឹងមកដល់ទីធ្លាខាងក្រៅរាជដំណាក់ ដើម្បីទូលសូមស្តេចយកម៉ាដេកាយទៅព្យួរកនៅលើបង្គោលដែលលោកបានរៀបចំ។ 5ដូច្នេះ ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានដែលឈរនៅទីធ្លានោះ»។ ស្តេចមានរាជឱង្ការថា៖ «ចូរឲ្យលោកចូលមកចុះ!» 6ហាម៉ានក៏ចូលមក ហើយស្ដេចសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្តេចចង់លើកមុខ?» ហាម៉ានគិតក្នុងចិត្តថា៖ «ក្រៅពីអញ តើមានអ្នកណាដែលស្ដេចចង់លើកមុខឲ្យនោះ?» 7ដូច្នេះ ហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ 8ត្រូវឲ្យគេយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់គ្រង និងសេះដែលព្រះករុណាគង់ ជាសេះដែលមានមកុដរាជ្យនៅក្បាលនោះមក។ 9សូមប្រគល់ព្រះពស្ត្រារាជ្យ និងសេះនោះជូនមន្ត្រីម្នាក់ ជាអ្នកវិសេសបំផុតរបស់ព្រះករុណា ហើយឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ រួចឲ្យគេបញ្ជិះអ្នកនោះនៅលើខ្នងសេះ ដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅមុខអ្នកនោះថា "អ្នកដែលព្រះរាជាសព្វព្រះហឫទ័យចង់លើកមុខ គឺនឹងបានដូច្នេះឯង!"»។ 10ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាពាក្យលោកមានប្រសាសន៍នេះចុះ ហើយធ្វើដូច្នោះចំពោះលោកម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំងនោះទៅ។ សូមធ្វើតាមពាក្យដែលលោកមានប្រសាសន៍កុំឲ្យចន្លោះអ្វីឡើយ»។ 11ដូច្នេះ ហាម៉ានក៏យកព្រះពស្ត្រារាជ្យ និងសេះនោះមក ហើយបំពាក់ឲ្យម៉ាដេកាយ បញ្ជិះគាត់បណ្តើរកាត់តាមទីធ្លាក្រុង ទាំងស្រែកប្រកាសនៅមុខគាត់ថា «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យចង់លើកមុខ គឺនឹងបានដូច្នេះឯង!»។
12បន្ទាប់មក ម៉ាដេកាយវិលត្រឡប់ទៅទ្វារព្រះរាជវាំងវិញ តែហាម៉ានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ទាំងសោកសៅ ហើយឃ្លុំក្បាល។ 13ហាម៉ានរៀបរាប់ប្រាប់សេរែស ជាប្រពន្ធ និងមិត្តសម្លាញ់របស់លោកទាំងប៉ុន្មាន ពីអស់ទាំងហេតុការណ៍ដែលបានកើតឡើងចំពោះលោក។ ពេលនោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែសជាប្រពន្ធ ពោលទៅកាន់លោកថា៖ «ប្រសិនបើម៉ាដេកាយជាសាសន៍យូដា ដែលលោកបានចាប់ផ្ដើមដួលនៅចំពោះគាត់ហើយ នោះលោកពុំអាចឈ្នះគាត់បានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាប្រាកដ»។
ហាម៉ានធ្លាក់ចុះ ម៉ាដេកាយឡើងយសស័ក្ដិ
14កាលគេកំពុងនិយាយជាមួយលោកនៅឡើយ នោះពួកមហាតលិករបស់ស្តេចក៏មកដល់ ហើយដាស់តឿនហាម៉ាន ឲ្យទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេធើរបានរៀបចំ។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies