នាងអេសធើរ 6:1-9
នាងអេសធើរ 6:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។ ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាមហាតលិកពីររូប ក្នុងចំណោមពួកឆ្មាំទ្វាររបស់ស្តេច ដែលរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។ ស្តេចមានរាជឱង្ការសួរថា៖ «តើគេបានដំឡើងបុណ្យស័ក្ដិ ឬលើកកិត្តិយសអ្វីខ្លះដល់លោកម៉ាដេកាយ សម្រាប់ការនេះ?» ពួករាជបម្រើដែលចាំបម្រើស្តេច ទូលថា៖ «មិនបានធ្វើអ្វីដល់គាត់ទាល់តែសោះ»។ ស្តេចមានរាជឱង្ការថា៖ «តើអ្នកណានៅដើរក្នុងទីធ្លានោះ?» ពេលនោះ ហាម៉ានទើបនឹងមកដល់ទីធ្លាខាងក្រៅរាជដំណាក់ ដើម្បីទូលសូមស្តេចយកម៉ាដេកាយទៅព្យួរកនៅលើបង្គោលដែលលោកបានរៀបចំ។ ដូច្នេះ ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានដែលឈរនៅទីធ្លានោះ»។ ស្តេចមានរាជឱង្ការថា៖ «ចូរឲ្យលោកចូលមកចុះ!» ហាម៉ានក៏ចូលមក ហើយស្ដេចសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្តេចចង់លើកមុខ?» ហាម៉ានគិតក្នុងចិត្តថា៖ «ក្រៅពីអញ តើមានអ្នកណាដែលស្ដេចចង់លើកមុខឲ្យនោះ?» ដូច្នេះ ហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ ត្រូវឲ្យគេយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់គ្រង និងសេះដែលព្រះករុណាគង់ ជាសេះដែលមានមកុដរាជ្យនៅក្បាលនោះមក។ សូមប្រគល់ព្រះពស្ត្រារាជ្យ និងសេះនោះជូនមន្ត្រីម្នាក់ ជាអ្នកវិសេសបំផុតរបស់ព្រះករុណា ហើយឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ រួចឲ្យគេបញ្ជិះអ្នកនោះនៅលើខ្នងសេះ ដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅមុខអ្នកនោះថា "អ្នកដែលព្រះរាជាសព្វព្រះហឫទ័យចង់លើកមុខ គឺនឹងបានដូច្នេះឯង!"»។
នាងអេសធើរ 6:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅយប់នោះ ព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។ គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។ ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ ព្រះរាជាមានរាជឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ-ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។ ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «ឲ្យលោកចូលមកចុះ!»។ លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។ លោកហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ ត្រូវឲ្យគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។ សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា ឲ្យយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយឲ្យគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
នាងអេសធើរ 6:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច នោះឃើញមានសេចក្ដីកត់ទុក ពីម៉ាដេកាយបានប្តឹងពីប៊ីកថាន នឹងថេរែស ជាភ្នាក់ងារ២នាក់របស់ស្តេច ក្នុងពួកអ្នកឆ្មាំទ្វារ ដែលបានរកឱកាសដល់ព្រះជន្មនៃស្តេចអ័ហាស៊ូរុស ស្តេចមានបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ នឹងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិកដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ ខណនោះ ស្តេចមានបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានបន្ទូលថា ចូរឲ្យលោកចូលមកចុះ ហាម៉ានក៏ចូលមក រួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ នឹងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក ហើយប្រគល់ប្រដាប់ទាំងនោះ នឹងសេះដល់ម្នាក់ ជាអ្នកប្រធានវិសេសបំផុតរបស់ស្តេច ឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាទ្រង់សព្វព្រះទ័យចង់លើកមុខនោះ រួចបញ្ជិះសេះបណ្តើរនាំទៅតាមផ្លូវទីក្រុង ហើយស្រែកប្រកាសនៅមុខអ្នកនោះថា អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខនោះបានដូច្នេះហើយ