នាងអេសធើរ 6:1-13

នាងអេសធើរ 6:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​នោះ ព្រះ‌រាជា​ផ្ទំ​មិន​លក់ ស្ដេច​បញ្ជា ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្ដេច។ គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។ ព្រះ‌រាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូល​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ-ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ឈរ​នៅ​ក្នុង​សាល»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​លោក​ចូល​មក​ចុះ!»។ លោក​ហាម៉ាន​ក៏​ចូល​មក ហើយ​ព្រះ‌រាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ?»។ លោក​ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​នោះ​ឡើយ!»។ លោក​ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស​នោះ ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។ សូម​ចាត់​មន្ត្រី​ម្នាក់​របស់​ព្រះ‌ករុណា ឲ្យ​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​បុរស​នោះ ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ​របស់​ព្រះ‌ករុណា រួច​ដង្ហែ​តាម​ផ្លូវ​ក្នុង​ទីក្រុង ទាំង​ស្រែក​ប្រកាស​នៅ​ពី​មុខ​គាត់​ថា ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។ លោក​ហាម៉ាន​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។ បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។ លោក​ហាម៉ាន​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរែស ជា​ភរិយា និង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​លោក។ ទី​ប្រឹក្សា​របស់​លោក ព្រម​ទាំង​លោក​ស្រី​សេរែស ជា​ភរិយា ពោល​ទៅ​កាន់​លោក​ថា៖ «ម៉ាដេ‌កាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។

ចែក​រំលែក
អាន នាងអេសធើរ 6

នាងអេសធើរ 6:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​យប់​ថ្ងៃ​នោះ ស្ដេច​ផ្ទំ​មិន​លក់​សោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវ‌ភៅ ដែល​មាន​កត់​ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់​ៗមក គឺ​សៀវ‌ភៅ​កំណត់​ត្រា​ប្រវត្តិ‌សាស្ត្រ រួច​គេ​ក៏​អាន​ថ្វាយ​ស្តេច។ ក្នុង​សៀវ​ភៅ​នោះ​មាន​កត់‌ត្រា​ទុក​ពី​ដំណើរ​ដែល​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​មហា‌តលិក​ពីរ​រូប ក្នុង​ចំណោម​ពួក​ឆ្មាំ​ទ្វារ​របស់​ស្តេច ដែល​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ ឬ​លើក​កិត្តិ‌យស​អ្វី​ខ្លះ​ដល់​លោក​ម៉ា‌ដេកាយ សម្រាប់​ការ​នេះ?» ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្តេច ទូល​ថា៖ «មិន​បាន​ធ្វើ​អ្វី​ដល់​គាត់​ទាល់​តែ​សោះ»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។ ដូច្នេះ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទី‌ធ្លា​នោះ»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​លោក​ចូល​មក​ចុះ!» ហាម៉ាន​ក៏​ចូល​មក ហើយ​ស្ដេច​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្តេច​ចង់​លើក​មុខ?» ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា៖ «ក្រៅ​ពី​អញ តើ​មាន​អ្នក​ណា​ដែល​ស្ដេច​ចង់​លើក​មុខ​ឲ្យ​នោះ?» ដូច្នេះ ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ​នោះ ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​គ្រង និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ជា​សេះ​ដែល​មាន​មកុដ​រាជ្យ​នៅ​ក្បាល​នោះ​មក។ សូម​ប្រគល់​ព្រះ​ពស្ត្រា​រាជ្យ និង​សេះ​នោះ​ជូន​មន្ត្រី​ម្នាក់ ជា​អ្នក​វិសេស​បំផុត​របស់​ព្រះ​ករុណា ហើយ​ឲ្យ​គេ​បំពាក់​ដល់​អ្នក​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ​នោះ រួច​ឲ្យ​គេ​បញ្ជិះ​អ្នក​នោះ​នៅ​លើ​ខ្នង​សេះ ដង្ហែ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​មុខ​អ្នក​នោះ​ថា "អ្នក​ដែល​ព្រះ​រាជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ គឺ​នឹង​បាន​ដូច្នេះ​ឯង!"»។ ដូច្នេះ ស្ដេច​មាន​រាជ​ឱង្ការ​បង្គាប់​ហាម៉ាន​ថា៖ «ចូរ​ប្រញាប់​ទៅ​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ ដូច​ជា​ពាក្យ​លោក​មាន​ប្រសាសន៍​នេះ​ចុះ ហើយ​ធ្វើ​ដូច្នោះ​ចំពោះ​លោក​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង​នោះទៅ។ សូម​ធ្វើ​តាម​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​កុំ​ឲ្យ​ចន្លោះ​អ្វី​ឡើយ»។ ដូច្នេះ ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ​នោះមក ហើយ​បំពាក់​ឲ្យ​ម៉ា‌ដេកាយ បញ្ជិះ​គាត់​បណ្តើរ​កាត់​តាម​ទីធ្លា​ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា «អ្នក​ដែល​ព្រះ​រាជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ គឺ​នឹង​បាន​ដូច្នេះ​ឯង!»។ បន្ទាប់​មក ម៉ា‌ដេកាយ​វិល​ត្រឡប់​ទៅ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ហាម៉ាន​ប្រញាប់‌ប្រញាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ទាំង​សោក‌សៅ ហើយ​ឃ្លុំ​ក្បាល។ ហាម៉ាន​រៀប​រាប់​ប្រាប់​សេរែស ជា​ប្រពន្ធ និង​មិត្ត​សម្លាញ់​របស់​លោក​ទាំង​ប៉ុន្មាន ពី​អស់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើតឡើង​ចំពោះ​លោក។ ពេល​នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក និង​សេរែស​ជា​ប្រពន្ធ ពោល​ទៅកាន់​លោក​ថា៖ «ប្រសិន‌បើ​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​ផ្ដើម​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​ពុំ​អាចឈ្នះ​គាត់​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ប្រាកដ»។

ចែក​រំលែក
អាន នាងអេសធើរ 6

នាងអេសធើរ 6:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​យប់​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​ផ្ទំ​មិន​លក់​ទេ ដូច្នេះ ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវភៅ ដែល​កត់​អស់​ទាំង​រឿង​ទុក​សំរាប់​ពង្សាវតារ​មក រួច​គេ​ក៏​អាន​មើល​ថ្វាយ​ស្តេច នោះ​ឃើញ​មាន​សេចក្ដី​កត់​ទុក ពី​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន នឹង​ថេរែស ជា​ភ្នាក់‌ងារ​២​នាក់​របស់​ស្តេច ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ ដែល​បាន​រក​ឱកាស​ដល់​ព្រះ‌ជន្ម​នៃ​ស្តេច​អ័ហា‌ស៊ូរុស ស្តេច​មាន​បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ នឹង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក​ដែល​បំរើ​ស្តេច ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ ខណ​នោះ ស្តេច​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ ដូច្នេះ ពួក​មហា‌តលិក​ទូល​ទ្រង់​ថា គឺ​ជា​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទីធ្លា​នោះ ស្តេច​មាន​បន្ទូល​ថា ចូរ​ឲ្យ​លោក​ចូល​មក​ចុះ ហាម៉ាន​ក៏​ចូល​មក រួច​ស្តេច​ទ្រង់​សួរ​ថា តើ​គួរ​ប្រោស​ជា​យ៉ាង​ណា ដល់​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ ហាម៉ាន​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្នក​ណា​ក្រៅ​ពី​អញ ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​នឹង​លើក​មុខ​ឲ្យ ដូច្នេះ ហាម៉ាន​ទូល​ឆ្លើយ​ថា ឯ​មនុស្ស​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​ឲ្យ នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ នឹង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក ហើយ​ប្រគល់​ប្រដាប់​ទាំង​នោះ នឹង​សេះ​ដល់​ម្នាក់ ជា​អ្នក​ប្រធាន​វិសេស​បំផុត​របស់​ស្តេច ឲ្យ​គេ​បំពាក់​ដល់​អ្នក​ដែល​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​នោះ រួច​បញ្ជិះ​សេះ​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ហើយ​ស្រែក​ប្រកាស​នៅ​មុខ​អ្នក​នោះ​ថា អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​នោះ​បាន​ដូច្នេះ​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់​ហាម៉ាន​ថា ចូរ​ប្រញាប់​ឡើង ទៅ​យក​ព្រះ‌ពស្ត្រា‌រាជ្យ នឹង​សេះ ដូច​ជា​អ្នក​បាន​ថា​នោះ ទៅ​ធ្វើ​ដូច្នោះ​ដល់​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង កុំ​ឲ្យ​ខាន​ធ្វើ​អ្វី​មួយ​ដែល​អ្នក​បាន​ថា​នោះ​ឲ្យ​សោះ ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ នឹង​សេះ​នោះ​មក រួច​បំពាក់​ឲ្យ​ម៉ា‌ដេកាយ ហើយ​បញ្ជិះ​គាត់​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ដោយ​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា អ្នក​ដែល​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ នោះ​បាន​ដូច្នេះ​ហើយ រួច​ហើយ ម៉ា‌ដេកាយ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ឯ​ហាម៉ាន​លោក​ប្រញាប់‌ប្រញាល់​ទៅ​ឯ​ផ្ទះ ដោយ​សៅ‌សោក ហើយ​គ្រលំ​ក្បាល លោក​ក៏​រាប់​រៀប​ប្រាប់​ដល់​សេរែស ជា​ប្រពន្ធ នឹង​ពួក​មិត្រ​សំឡាញ់​ទាំង​ប៉ុន្មាន​ពី​អស់​ទាំង​ការ​ដែល​បាន​កើត​មក​ដល់​ខ្លួន ដូច្នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក នឹង​សេរែស ជា​ប្រពន្ធ ក៏​និយាយ​ទៅ​លោក​ថា បើ​សិន​ជា​ម៉ា‌ដេកាយ​នេះ​ជាតិ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​តាំង​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​នឹង​ឈ្នះ​គាត់​មិន​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ពិត​ប្រាកដ

ចែក​រំលែក
អាន នាងអេសធើរ 6