អេភេសូ 3:8-21

អេភេសូ 3:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ក្តី ក៏​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង​ល្អ ជា​សម្បត្តិ​ដ៏​បរិបូរ​របស់​ព្រះគ្រីស្ទ ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ឃើញ​ផែន​ការ ពី​អាថ៌‌កំបាំង​ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​សួគ៌ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ តាម​រយៈ​ក្រុម​ជំនុំ។ សេចក្តី​នេះ​ស្រប​តាម​ផែន​ការ​ដ៏​អស់​កល្ប ដែល​ព្រះ‌អង្គ​បាន​សម្រេច​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង នៅ​ក្នុង​ព្រះ‌អង្គ យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ​ដោយ​ក្លា‌ហាន ទាំង​ទុក​ចិត្ត តាម​រយៈ​ជំនឿ​ដល់​ព្រះ‌អង្គ។ ហេតុ​នេះ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​កុំ​ឲ្យ​រសាយ​ចិត្ត ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក សម្រាប់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​ទាំង​នេះ​ជា​សិរី​ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌វរបិតា ដែល​គ្រប់​ទាំង​គ្រួ​សារ​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី មាន​ឈ្មោះ​មក​ពី​ព្រះ‌អង្គ។ ខ្ញុំ​អធិស្ឋាន​សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​កម្លាំង​មនុស្ស​ខាង​ក្នុង ដោយ​ព្រះ‌ចេស្ដា តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី​ល្អ​ដ៏​ប្រ‌សើរ​ក្រៃ​លែង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ព្រះ‌គ្រីស្ទ​បាន​គង់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា តាម​រយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សមត្ថ​ភាព​អាច​យល់​បាន រួម​ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់ ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដែល​រក​គិត​មិន​យល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដោយ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ។ ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ‌អង្គ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដល់​គ្រប់​ជំនាន់ អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏វិសុទ្ធ*​ក្ដី ក៏​ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រិស្ត ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។ នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំនុំ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់ តាម​ផែន‌ការ​ដែល​ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ហើយ​ព្រះអង្គ​បាន​សម្រេច​ដោយ‌សារ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។ ហេតុ​នេះ សូម​បងប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុងរឿង​របស់​បងប្អូន​វិញ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ ​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែនដី សូម​ព្រះអង្គ​មេត្តា​ប្រោស​ឲ្យ​បងប្អូន មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។ សូម​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​ចិត្ត​បងប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បងប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ក្នុង​ក្រុម‌ជំនុំ និង​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ នៅ​គ្រប់​ជំនាន់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្ដី​ប្រកប​ក្នុង​ការ​អាថ៌‌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់‌កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយ‌សារ​ពួក​ជំនុំ តាម​គំនិត​សំរេច​តាំង​ពី​អស់‌កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ហើយ​ក្នុង​ទ្រង់ យើង​រាល់​គ្នា​ក៏​មាន​សេចក្ដី​ក្លាហាន នឹង​ច្បាប់​ចូល​ដោយ​ទុក​ចិត្ត ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរី‌ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ‌លែង ឲ្យ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ផង​ព្រះ។ ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3