ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។ សេចក្តីនេះស្របតាមផែនការដ៏អស់កល្ប ដែលព្រះអង្គបានសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។ ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យរសាយចិត្ត ដោយការដែលខ្ញុំរងទុក្ខលំបាក សម្រាប់អ្នករាល់គ្នានោះឡើយ ដ្បិតការទាំងនេះជាសិរីល្អដល់អ្នករាល់គ្នាទេ។ ដោយហេតុនោះបានជាខ្ញុំលុតជង្គង់នៅចំពោះព្រះវរបិតា ដែលគ្រប់ទាំងគ្រួសារនៅស្ថានសួគ៌ និងនៅផែនដី មានឈ្មោះមកពីព្រះអង្គ។ ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។ ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
អាន អេភេសូរ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេភេសូរ 3:8-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ