អេភេសូរ 3
3
ភារកិច្ចរបស់លោកប៉ុលទៅដល់សាសន៍ដទៃ
1ហេតុនេះហើយបានជាខ្ញុំ ប៉ុល ជាអ្នកទោសរបស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នករាល់គ្នាជាពួកសាសន៍ដទៃ 2ដ្បិតអ្នករាល់គ្នាពិតជាបានឮ អំពីភាពជាអ្នកមើលខុសត្រូវនៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នា 3ហើយព្រះអង្គបានបើកសម្ដែងអាថ៌កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំបានសសេរយ៉ាងសង្ខេបពីខាងដើមរួចមកហើយ។ 4ពេលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាមុខជានឹងយល់ពីចំណេះរបស់ខ្ញុំអំពីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ 5ព្រះមិនបានបើកសម្ដែងអាថ៌កំបាំងនេះ ឲ្យមនុស្សជំនាន់មុនបានស្គាល់ ដូចជាបានបើកសម្ដែងឲ្យពួកសាវក និងពួកហោរាបរិសុទ្ធរបស់ព្រះអង្គស្គាល់នៅពេលនេះ ដោយសារព្រះវិញ្ញាណនោះឡើយ 6គឺថា ពួកសាសន៍ដទៃបានត្រឡប់ជាអ្នកគ្រងមត៌កជាមួយគ្នា ជាអវយវៈរបស់រូបកាយតែមួយ ហើយជាអ្នកមានចំណែកនៃសេចក្តីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
7ខ្ញុំបានធ្វើជាអ្នកបម្រើដំណឹងល្អនោះ តាមព្រះគុណរបស់ព្រះ ជាអំណោយទានដែលព្រះអង្គប្រទានមកខ្ញុំ ដោយព្រះចេស្តារបស់ព្រះអង្គដែលធ្វើការ។ 8ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ 9ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ 10ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។ 11សេចក្តីនេះស្របតាមផែនការដ៏អស់កល្ប ដែលព្រះអង្គបានសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង 12នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។ 13ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យរសាយចិត្ត ដោយការដែលខ្ញុំរងទុក្ខលំបាក សម្រាប់អ្នករាល់គ្នានោះឡើយ ដ្បិតការទាំងនេះជាសិរីល្អដល់អ្នករាល់គ្នាទេ។
សេចក្តីអធិស្ឋានសម្រាប់អ្នកអាន
14ដោយហេតុនោះបានជាខ្ញុំលុតជង្គង់នៅចំពោះព្រះវរបិតា 15ដែលគ្រប់ទាំងគ្រួសារនៅស្ថានសួគ៌ និងនៅផែនដី មានឈ្មោះមកពីព្រះអង្គ។ 16ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ 17ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ 18ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ 19ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
20ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង 21សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ទើបបានជ្រើសរើសហើយ៖
អេភេសូរ 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies