ដានីយ៉ែល 3:3-16
ដានីយ៉ែល 3:3-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន ក៏បានមកជួបគ្នា ដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ កាលគេកំពុងឈរនៅមុខរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង មានម្នាក់ស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ម្នាលប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ ស្ដេចចេញរាជបញ្ជាថា ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើង។ អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។ ដូច្នេះ កាលប្រជាជនទាំងឡាយបានឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និងតន្ត្រីគ្រប់យ៉ាងហើយ ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ នៅពេលនោះ មានពួកខាល់ដេខ្លះចូលទៅគាល់ស្ដេច ហើយចោទប្រកាន់ពួកសាសន៍យូដា។ គេទូលព្រះបាទនេប៊ូក្នេសាថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការទៅកាន់អ្នកទាំងនោះថា៖ «ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើពិតមែនឬទេ ដែលអស់លោកមិនគោរពបម្រើព្រះរបស់យើង ឬថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទូលឆ្លើយស្តេចវិញថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា ទូលបង្គំយើងខ្ញុំមិនបាច់ទូលឆ្លើយព្រះករុណាពីដំណើរនេះទេ។
ដានីយ៉ែល 3:3-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។ មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។ អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។ នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ ពួកគេទូលព្រះចៅនេប៊ូក្នេសាថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។ ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទូលព្រះចៅនេប៊ូក្នេសាវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។
ដានីយ៉ែល 3:3-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល នឹងអស់ទាំងពួកមន្ត្រីខេត្ត ក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះ ដែលស្តេចនេប៊ូក្នេសាតាំងឡើង គេក៏ឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះ រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។ នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច នេប៊ូក្នេសា ទ្រង់មានបន្ទូលសួរគេថា ម្នាលសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន តែសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ