ដានី‌យ៉ែល 3

3
រូប​បដិមាករ​ដែល​ធ្វើ​ពី​មាស
1ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ធ្វើ​រូប​បដិ‌មាករ​មួយ​ពី​មាស មាន​កម្ពស់​ហុក​សិប​ហត្ថ ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។ 2បន្ទាប់​មក ព្រះ​បាទ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​នាយក ពួកចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទី​ប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អា​ណា​ខេត្ត​ទាំង​ប៉ុន្មាន មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ 3ដូច្នេះ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទីប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា​ខេត្ត​ទាំង​ប៉ុន្មាន ក៏​បាន​មក​ជួប​គ្នា ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ កាល​គេ​កំពុង​ឈរ​នៅ​មុខ​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង 4មាន​ម្នាក់​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «ម្នាល​ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ ស្ដេច​ចេញ​រាជ​បញ្ជា​ថា 5ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង អ្នក​រាល់​គ្នា​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ‌ករុណា​បាន​ដំ​ឡើង។ 6អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នោះ​ភ្លាម!»។ 7ដូច្នេះ កាល​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និង​តន្ត្រី​គ្រប់​យ៉ាង​ហើយ ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា ក៏​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។
8នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។ 9គេ​ទូល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! 10បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​‌រាជ​បញ្ជា​ថា មនុស្ស​ទាំង​ឡាយ​ណា​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង គេ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាសនេះ 11ហើយ​ថា អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ទោ​សន្ធៅ។ 12ប៉ុន្ដែ មាន​ពួក​សាសន៍​យូដា​ខ្លះ ដែល​ទ្រង់​បាន​តែង​តាំងឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ អ្នក​ទាំង​បី​នាក់នេះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ​ករុណា ក៏​មិន​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​តាំង​ឡើង​នោះ​ដែរ»។
13ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។ 14ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ? 15ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។
16សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទូល​ឆ្លើយ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា ទូល​បង្គំ​យើង​ខ្ញុំ​មិន​បាច់​ទូល​ឆ្លើយ​ព្រះ​ករុណា​ពី​ដំណើរ​នេះ​ទេ។ 17ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។ 18ប៉ុន្ដែ បើ​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ទេ បពិត្រ​ព្រះ​ករុណា សូម​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​ដំ​ឡើង​នោះ​ដែរ»។
គុក​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ
19ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង 20រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។ 21ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ 22ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។ 23ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។
24ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ព្រះ​ហឫទ័យ​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច​ថា៖ «តើ​យើង​មិន​បាន​បោះមនុស្ស​បី​នាក់ ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ទេ​ឬ?»។ គេ​ក៏​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ពិត​មែន​ហើយ»។ 25ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តែ​យើង​ឃើញ​មនុស្ស​បួន​នាក់​ឥត​ជាប់​ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ឥត​ឈឺ​ចាប់​អ្វី​សោះ រី​ឯ​អ្នក​ទី​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​កូន​ព្រះ»។ 26ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។ 27ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។ 28ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។ 29ដូច្នេះ យើង​ចេញ​‌រាជ​បញ្ជា​ដូច​តទៅ៖ ប្រជា‌ជន​ទាំង‌ឡាយណា ជាតិ​សាសន៍​ណា ហើយ​និយាយ​ភាសា​ណា​ក៏​ដោយ ហ៊ាន​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​ឲ្យ​រួច​បែប​ដូច្នេះ​បាន​ឡើយ»។ 30បន្ទាប់​មក ស្ដេច​ក៏​ដំឡើង​យស​ស័ក្ដិ​ឲ្យ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល