ដានីយ៉ែល 2
2
សុបិនរបស់ព្រះបាទនេប៊ូក្នេសា
1នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ទ្រង់មានសុបិននិមិត្ត ហើយវិញ្ញាណរបស់ស្ដេចមានការរំខាន ធ្វើឲ្យទ្រង់ផ្ទំមិនលក់។ 2ពេលនោះ ស្ដេចបង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសុបិនថ្វាយទ្រង់ ហើយគេក៏ចូលមកឈរនៅចំពោះស្តេច។ 3ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «យើងមានសុបិនមួយ ហើយវិញ្ញាណយើងមានការរំខាន ដោយព្រោះចង់ដឹងពីសុបិននោះ»។ 4ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ 5ស្តេចមានរាជឱង្ការទៅកាន់ពួកខាល់ដេថា៖ «យើងបានសម្រេចចិត្តយ៉ាងមុតមាំដូចតទៅ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ហើយកាត់ស្រាយទេ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នាជាដុំៗ ហើយបំផ្លាញផ្ទះរបស់អ្នករាល់គ្នាឲ្យខ្ទេចខ្ទី។ 6ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាប្រាប់សុបិននោះ ព្រមទាំងកាត់ស្រាយផង អ្នករាល់គ្នានឹងបានអំណោយ និងរង្វាន់ ព្រមទាំងកិត្តិយសយ៉ាងធំពីយើង។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង ហើយកាត់ស្រាយទៅ»។ 7ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ 8ស្ដេចតបថា៖ «យើងដឹងច្បាស់ហើយថា អ្នករាល់គ្នាចង់ពន្យាពេល ព្រោះអ្នករាល់គ្នាឃើញថា យើងបានសម្រេចចិត្តយ៉ាងមុតមាំទៅហើយ 9ប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិននោះដល់យើងទេ នោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទម្រាំតែពេលវេលាផ្លាស់ប្ដូរ។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង នោះយើងនឹងដឹងថា អ្នករាល់គ្នាពិតជាអាចកាត់ស្រាយប្រាប់យើងបាន»។ 10ពួកខាល់ដេទាំងនោះ ទូលតបទៅស្តេចថា៖ «គ្មានអ្នកណាម្នាក់នៅលើផែនដី ដែលអាចបង្ហាញប្រាប់ពីសេចក្ដីដែលព្រះករុណាបង្គាប់បានឡើយ! ដ្បិតគ្មានស្តេចណាមួយ ទោះបើធំ ហើយមានអំណាចយ៉ាងណាក្ដី ធ្លាប់សួរសំណួរបែបនេះដល់គ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាឡើយ។ 11សេចក្ដីដែលព្រះករុណាបង្គាប់នេះ ពិបាកខ្លាំងណាស់ គ្មានអ្នកណាអាចបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ លើកលែងតែពួកព្រះប៉ុណ្ណោះ តែពួកព្រះទាំងនោះមិនរស់នៅជាមួយមនុស្សខាងសាច់ឈាមទេ»។
12កាលឮដូច្នេះ ស្ដេចក៏ខ្ញាល់ ហើយក្រេវក្រោធយ៉ាងក្រៃលែង ទ្រង់ក៏បញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ ដែលនៅស្រុកបាប៊ីឡូន។ 13ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។ 14គ្រានោះ ដានីយ៉ែលបានឆ្លើយតបដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេច ដែលបានចេញទៅដើម្បីសម្លាប់ពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូន។ 15លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។ 16ពេលនោះ ដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច ដើម្បីឲ្យលោកបានកាត់ស្រាយថ្វាយស្ដេចជ្រាប។
ព្រះបើកសម្ដែងប្រាប់អំពីសុបិនរបស់ព្រះបាទនេប៊ូក្នេសា
17បន្ទាប់មក ដានីយ៉ែលក៏វិលទៅផ្ទះវិញ ជម្រាបរឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក 18ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យព្រះអង្គបានប្រោសមេត្តាដល់គេ ពីដំណើរអាថ៌កំបាំងនេះ ប្រយោជន៍ឲ្យដានីយ៉ែល និងគូកនរបស់លោកមិនត្រូវវិនាស ព្រមទាំងពួកអ្នកប្រាជ្ញឯទៀតៗ នៅស្រុកបាប៊ីឡូនផង។ 19ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។
20ដានីយ៉ែលពោលថា៖
«សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ
នៅអស់កល្បតរៀងទៅ
ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។
21ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល
ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង
ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងចំណេះដល់អស់អ្នកដែលមានយោបល់។
22ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ
ហើយលាក់កំបាំង
ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត
ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
23ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ
ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង
ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា
និងឥទ្ធិឫទ្ធិ
ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី
ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ
ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ
ស្គាល់រឿងរ៉ាវរបស់ស្តេច»។
ដានីយ៉ែលបកស្រាយសុបិន
24ដូច្នេះ ដានីយ៉ែលក៏ចូលទៅជួបអើយ៉ុក ជាអ្នកដែលស្តេចបានបញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅស្រុកបាប៊ីឡូន។ លោកបានទៅប្រាប់គាត់ដូច្នេះថា៖ «សូមកុំបំផ្លាញពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ស្តេចវិញ នោះខ្ញុំនឹងកាត់ស្រាយថ្វាយស្ដេចជ្រាប»។
25ពេលនោះ អើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលចូលទៅគាល់ស្តេច ហើយទូលស្ដេចដូច្នេះថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមពួកឈ្លើយពីស្រុកយូដា ដែលអាចកាត់ស្រាយសុបិនថ្វាយព្រះករុណាបាន»។ 26ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែល ដែលលោកមានឈ្មោះបេលថិស្សាសារថា៖ «តើលោកអាចប្រាប់ពីសុបិនដែលយើងបានឃើញ ហើយកាត់ស្រាយសុបិននោះបានឬទេ?» 27ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ 28តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង 29បពិត្រព្រះករុណា កាលទ្រង់ផ្ទំនៅលើព្រះក្រឡាបន្ទំ ទ្រង់កើតមានគំនិត គិតពីហេតុការណ៍ដែលត្រូវកើតមកនៅពេលខាងមុខ ហើយព្រះដែលបើកសម្ដែងឲ្យព្រះករុណាជ្រាបពីអាថ៌កំបាំង គឺពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ 30ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។
31បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។ 32ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន 33ជើងធ្វើពីដែក ហើយប្រអប់ជើងមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ 34ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។ 35ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។
36នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ 37បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ 38ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។ 39បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ 40ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ 41ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ 42ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។ 43ព្រះករុណាទតឃើញដែកលាយជាមួយដីឥដ្ឋជាយ៉ាងណា នោះគេនឹងលាយជាមួយគ្នាទៅវិញទៅមកដោយរៀបការនឹងគ្នា យ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជាមួយគ្នាឡើយ ដូចជាដែកដែលមិនអាចលាយជាមួយដីឥដ្ឋដែរ។ 44ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត 45ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។
ស្ដេចលើកមុខដានីយ៉ែល និងមិត្តសម្លាញ់របស់លោក
46ពេលនោះ ព្រះបាទនេប៊ូក្នេសាក្រាបព្រះភក្ត្រចុះ ថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យគេថ្វាយយញ្ញបូជា និងគ្រឿងក្រអូប ដើម្បីគោរពលោក។ 47ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែលថា៖ «ប្រាកដមែន ព្រះរបស់លោកពិតជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងស្តេច មែន គឺជាព្រះដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ព្រោះលោកបានសម្ដែងឲ្យយល់ពីអាថ៌កំបាំងនេះ!»។ 48បន្ទាប់មក ស្ដេចបានដំឡើងយសស័ក្ដិដានីយ៉ែល ព្រមទាំងបានប្រទានអំណោយដ៏វិសេសជាច្រើនដល់លោក ហើយតាំងលោកឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូនទាំងមូល និងជាអធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ 49ដោយព្រោះដានីយ៉ែលទូលសូមដល់ស្តេច ស្ដេចក៏តែងតាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឲ្យគ្រប់គ្រងលើកិច្ចការទាំងឡាយនៅអាណាខេត្តបាប៊ីឡូន ប៉ុន្ដែ ដានីយ៉ែលនៅបម្រើស្ដេចក្នុងរាជវាំងវិញ។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies