ដានី‌យ៉ែល 3:3-16

ដានី‌យ៉ែល 3:3-16 គកស១៦

ដូច្នេះ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទីប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា​ខេត្ត​ទាំង​ប៉ុន្មាន ក៏​បាន​មក​ជួប​គ្នា ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ កាល​គេ​កំពុង​ឈរ​នៅ​មុខ​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង មាន​ម្នាក់​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «ម្នាល​ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ ស្ដេច​ចេញ​រាជ​បញ្ជា​ថា ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង អ្នក​រាល់​គ្នា​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ‌ករុណា​បាន​ដំ​ឡើង។ អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នោះ​ភ្លាម!»។ ដូច្នេះ កាល​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និង​តន្ត្រី​គ្រប់​យ៉ាង​ហើយ ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា ក៏​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។ គេ​ទូល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​‌រាជ​បញ្ជា​ថា មនុស្ស​ទាំង​ឡាយ​ណា​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង គេ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាសនេះ ហើយ​ថា អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ទោ​សន្ធៅ។ ប៉ុន្ដែ មាន​ពួក​សាសន៍​យូដា​ខ្លះ ដែល​ទ្រង់​បាន​តែង​តាំងឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ អ្នក​ទាំង​បី​នាក់នេះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ​ករុណា ក៏​មិន​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​តាំង​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ? ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទូល​ឆ្លើយ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា ទូល​បង្គំ​យើង​ខ្ញុំ​មិន​បាច់​ទូល​ឆ្លើយ​ព្រះ​ករុណា​ពី​ដំណើរ​នេះ​ទេ។

អាន ដានី‌យ៉ែល 3