ដានីយ៉ែល 2:43-49

ដានីយ៉ែល 2:43-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​ករុណា​ទត​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ជា​យ៉ាង​ណា នោះ​គេ​នឹង​លាយ​ជា‌មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រៀប​ការ​នឹង​គ្នា យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់ជា​មួយ​គ្នា​ឡើយ ដូច​ជា​ដែក​ដែល​មិន​អាច​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ដែរ។ ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត ដូច​ព្រះ​ករុណា​បាន​ឃើញ​ថ្ម​មួយ​ដុំ​ដាច់​ចេញ​ពី​ភ្នំ ដែល​មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់ និង​មាស​ដែរ។ ព្រះដ៏​ធំ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​នេះ​ពិត​ប្រាកដ ឯ​សេចក្ដី​ដែល​កាត់​ស្រាយ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ហើយ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក្រាប​ព្រះ‌ភក្ត្រ​ចុះ ថ្វាយ​បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ថ្វាយ​យញ្ញ​បូជា និង​គ្រឿង​ក្រអូប ដើម្បី​គោ‌រព​លោក។ ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។ បន្ទាប់​មក ស្ដេច​បាន​ដំឡើង​យស​ស័ក្ដិ​ដានី‌យ៉ែល ព្រម​ទាំង​បាន​ប្រទាន​អំណោយ‌ដ៏​វិសេស​ជា​ច្រើន​ដល់​លោក ហើយ​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។ ដោយ​ព្រោះ​ដានី‌យ៉ែល​ទូល​សូម​ដល់​ស្តេច ស្ដេច​ក៏​តែង​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​ទាំង​ឡាយ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន ប៉ុន្ដែ ដានី‌យ៉ែល​នៅ​បម្រើ​ស្ដេច​ក្នុង​រាជ‌វាំង​វិញ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:43-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។ ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​លោក​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា​មែន! មាន​តែ​ព្រះអង្គ​ទេ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។ បន្ទាប់​មក ព្រះ‌រាជា​បាន​លើក​តម្កើង​លោក​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ដានី‌យ៉ែល​ទូល‌អង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បម្រើ​ព្រះ‌មហា‌ក្សត្រ​ក្នុង​ព្រះ‌បរម​រាជ​វាំង។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:43-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។ ដូច្នេះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ក្រាប​ផ្កាប់​ព្រះ‌ភក្ត្រ​ថ្វាយ‌បង្គំ​ដល់​ដានី‌យ៉ែល ក៏​បង្គាប់​ឲ្យ​គេ​យក​គ្រឿង​បូជា នឹង​គ្រឿង​ក្រអូប​មក​គោរព​ដល់​លោក ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ីឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ីឡូន​ផង ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ីឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។

ចែក​រំលែក
អាន ដានីយ៉ែល 2