ដានី‌យ៉ែល 2:43-49

ដានី‌យ៉ែល 2:43-49 គកស១៦

ព្រះ​ករុណា​ទត​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ជា​យ៉ាង​ណា នោះ​គេ​នឹង​លាយ​ជា‌មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រៀប​ការ​នឹង​គ្នា យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់ជា​មួយ​គ្នា​ឡើយ ដូច​ជា​ដែក​ដែល​មិន​អាច​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ដែរ។ ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត ដូច​ព្រះ​ករុណា​បាន​ឃើញ​ថ្ម​មួយ​ដុំ​ដាច់​ចេញ​ពី​ភ្នំ ដែល​មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់ និង​មាស​ដែរ។ ព្រះដ៏​ធំ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​នេះ​ពិត​ប្រាកដ ឯ​សេចក្ដី​ដែល​កាត់​ស្រាយ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ហើយ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក្រាប​ព្រះ‌ភក្ត្រ​ចុះ ថ្វាយ​បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ថ្វាយ​យញ្ញ​បូជា និង​គ្រឿង​ក្រអូប ដើម្បី​គោ‌រព​លោក។ ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។ បន្ទាប់​មក ស្ដេច​បាន​ដំឡើង​យស​ស័ក្ដិ​ដានី‌យ៉ែល ព្រម​ទាំង​បាន​ប្រទាន​អំណោយ‌ដ៏​វិសេស​ជា​ច្រើន​ដល់​លោក ហើយ​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។ ដោយ​ព្រោះ​ដានី‌យ៉ែល​ទូល​សូម​ដល់​ស្តេច ស្ដេច​ក៏​តែង​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​ទាំង​ឡាយ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន ប៉ុន្ដែ ដានី‌យ៉ែល​នៅ​បម្រើ​ស្ដេច​ក្នុង​រាជ‌វាំង​វិញ។

អាន ដានី‌យ៉ែល 2