ដានីយ៉ែល 2:36-43

ដានីយ៉ែល 2:36-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។ ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។ លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:36-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ហើយ​ជា​សុបិន​របស់​ព្រះ‌ករុណា ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។ បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។ បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។ ក្រោយ​មក​នឹង​មាន​រាជ្យ​ទី​បួន រឹង​មាំ​ដូច​ដែក ព្រោះ​ដែក​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​ឲ្យ​បែក​បាក់​ខ្ទេច‌ខ្ទី​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​នោះ ឲ្យ​បែក​បាក់​ខ្ទេច​ខ្ទី​យ៉ាង​នោះ​ដែរ។ ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។ ចំណែក​ឯ​ម្រាម​ជើង​ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​មាន​កម្លាំង​មួយ​ផ្នែក ហើយ​ផុយ​ស្រួយ​មួយ​ផ្នែក​យ៉ាង​នោះ​ដែរ។ ព្រះ​ករុណា​ទត​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ជា​យ៉ាង​ណា នោះ​គេ​នឹង​លាយ​ជា‌មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រៀប​ការ​នឹង​គ្នា យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់ជា​មួយ​គ្នា​ឡើយ ដូច​ជា​ដែក​ដែល​មិន​អាច​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:36-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​ទាំង​នេះ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង នឹង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ ហើយ​ដែល​ម្រាម​ជើង​ជា​ដែក នឹង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ

ចែក​រំលែក
អាន ដានីយ៉ែល 2