ដានីយ៉ែល 2:34-45

ដានីយ៉ែល 2:34-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។ នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។ ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។ លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។ ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:34-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ​ករុណា​កំពុង​តែ​ទត​ឃើញ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ដាច់​ចេញ​មក មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​ទង្គិច​ត្រូវ​រូប​នោះ ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​នោះ​បែក​ខ្ទេច‌ខ្ទីអស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​ទី​លាន​បោក​ស្រូវ​ក្នុង​រដូវ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ឃើញ​មាន​ស្នាម​ណា​របស់​រូប​នោះ​ទៀត​ឡើយ។ រី​ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​នៅ​ពេញ​ផែន‌ដី​ទាំង​មូល។ នេះ​ហើយ​ជា​សុបិន​របស់​ព្រះ‌ករុណា ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។ បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។ បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។ ក្រោយ​មក​នឹង​មាន​រាជ្យ​ទី​បួន រឹង​មាំ​ដូច​ដែក ព្រោះ​ដែក​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​ឲ្យ​បែក​បាក់​ខ្ទេច‌ខ្ទី​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​នោះ ឲ្យ​បែក​បាក់​ខ្ទេច​ខ្ទី​យ៉ាង​នោះ​ដែរ។ ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។ ចំណែក​ឯ​ម្រាម​ជើង​ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​មាន​កម្លាំង​មួយ​ផ្នែក ហើយ​ផុយ​ស្រួយ​មួយ​ផ្នែក​យ៉ាង​នោះ​ដែរ។ ព្រះ​ករុណា​ទត​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ជា​យ៉ាង​ណា នោះ​គេ​នឹង​លាយ​ជា‌មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រៀប​ការ​នឹង​គ្នា យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់ជា​មួយ​គ្នា​ឡើយ ដូច​ជា​ដែក​ដែល​មិន​អាច​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ដែរ។ ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត ដូច​ព្រះ​ករុណា​បាន​ឃើញ​ថ្ម​មួយ​ដុំ​ដាច់​ចេញ​ពី​ភ្នំ ដែល​មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់ និង​មាស​ដែរ។ ព្រះដ៏​ធំ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​នេះ​ពិត​ប្រាកដ ឯ​សេចក្ដី​ដែល​កាត់​ស្រាយ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ហើយ»។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:34-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែកនឹង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។ សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​ទាំង​នេះ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង នឹង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ ហើយ​ដែល​ម្រាម​ជើង​ជា​ដែក នឹង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 2