ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។ នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។ បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។ ព្រះករុណាទតឃើញដែកលាយជាមួយដីឥដ្ឋជាយ៉ាងណា នោះគេនឹងលាយជាមួយគ្នាទៅវិញទៅមកដោយរៀបការនឹងគ្នា យ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជាមួយគ្នាឡើយ ដូចជាដែកដែលមិនអាចលាយជាមួយដីឥដ្ឋដែរ។ ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។
អាន ដានីយ៉ែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 2:34-45
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ