ដានីយ៉ែល 2:27-30
ដានីយ៉ែល 2:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង បពិត្រព្រះករុណា កាលទ្រង់ផ្ទំនៅលើព្រះក្រឡាបន្ទំ ទ្រង់កើតមានគំនិត គិតពីហេតុការណ៍ដែលត្រូវកើតមកនៅពេលខាងមុខ ហើយព្រះដែលបើកសម្ដែងឲ្យព្រះករុណាជ្រាបពីអាថ៌កំបាំង គឺពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។
ដានីយ៉ែល 2:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ: បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។
ដានីយ៉ែល 2:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ នឹងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់ តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។