ដានីយ៉ែល 2:19-23
ដានីយ៉ែល 2:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។ លោកពោលថា៖ «សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងមកទូលបង្គំ។ ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ព្រះរាជាដែរ»។
ដានីយ៉ែល 2:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។ ដានីយ៉ែលពោលថា៖ «សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។ ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។
ដានីយ៉ែល 2:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌ ហើយទូលថា សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា នឹងតេជានុភាពជារបស់ផងទ្រង់ គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់ ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់ ឱព្រះនៃពួកឰយុកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា នឹងអំណាច ហើយឥឡូវនេះ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានសូមពីទ្រង់ ដ្បិតទ្រង់បានសំដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច