កូឡូស 3:12-25

កូឡូស 3:12-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។ ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។ ប្រពន្ធ​រាល់​គ្នា​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ព្រោះ​ជា​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ‌អម្ចាស់។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួ​ម៉ៅ​ដាក់​នាង​ឡើយ។ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ។ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​ខូច​ចិត្ត។ អ្នក​បម្រើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​របស់​ខ្លួន​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ពេល​គេ​មើល​ឃើញ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​អស់​ពី​ចិត្ត ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​វិញ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​ទទួល​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:12-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បងប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បងប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី​អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បងប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បងប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​ ។ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។ សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចម្រៀង មក​ពី​ព្រះ‌វិញ្ញាណ។ ការ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះអង្គ​ផង។ បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។ បងប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ​ដាក់​នាង​ឡើយ។ កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ បងប្អូន​ដែល​មាន​កូន​អើយ កុំ​ដុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ត។ បងប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ​គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បងប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បងប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ​គឺ​ព្រះ‌គ្រិស្ត ចូរ​បម្រើ​ព្រះអង្គ​ទៅ។ អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:12-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី​ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ‌សារ​ទ្រង់​ផង។ ពួក​ស្រីៗ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះ‌អម្ចាស់ ពួក​ប្រុសៗ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំ​ឲ្យ​មាន​ចិត្ត​ជិន​ឆ្អន់​ឡើយ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ​ឯង ឪពុក​រាល់​គ្នា​អើយ កុំ​ឌុក‌ដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះ‌ត្រង់​វិញ ទាំង​កោត‌ខ្លាច​ដល់​ព្រះ​ផង ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ‌អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស‌ឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:12-25

កូឡូស 3:12-25 គខបកូឡូស 3:12-25 គខបកូឡូស 3:12-25 គខបកូឡូស 3:12-25 គខប