កូឡូស 3:12-25
ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ ។ សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅ ក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមព្រះបន្ទូលរបស់ព្រះគ្រិស្តសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀង មកពីព្រះវិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។ បងប្អូនជាស្ត្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឲ្យបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។ បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។ បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ត។ បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះគ្រប់ចំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដោយចិត្តស្មោះសរ និងដោយគោរពកោតខ្លាចព្រះអម្ចាស់។ គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកម្រៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដគឺព្រះគ្រិស្ត ចូរបម្រើព្រះអង្គទៅ។ អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
កូឡូស 3:12-25