ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។ ឪពុករាល់គ្នាអើយ កុំឌុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាខូចចិត្ត។ អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។ ដ្បិតអ្នកណាដែលប្រព្រឹត្តខុស អ្នកនោះនឹងទទួលតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ហើយព្រះមិនរើសមុខអ្នកណាឡើយ។
អាន កូឡុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូឡុស 3:12-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ