អេម៉ុស 5:13-20
អេម៉ុស 5:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។ ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប ដែលនៅសេសសល់។ ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
អេម៉ុស 5:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ មនុស្សឈ្លាសវៃ នឹងស្ងៀមនៅក្នុងគ្រាបែបនេះ ដ្បិតនេះជាគ្រាមួយដ៏អាក្រក់។ ចូរស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយហើយ។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។ ហេតុនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងទីធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងពោលថា "វរហើយ វរហើយ!" គេនឹងហៅពួកអ្នកស្រែចម្ការឲ្យមកយំសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញមកទ្រហោយំ នៅគ្រប់ទាំងចម្ការទំពាំងបាយជូរ នឹងមានសំឡេងទ្រហោយំ ដ្បិតយើងនឹងដើរកាត់កណ្ដាលអ្នករាល់គ្នា នោះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ?
អេម៉ុស 5:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។ ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប ដែលនៅសេសសល់។ ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
អេម៉ុស 5:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ មនុស្សដែលមានគំនិតវាងវៃ នឹងស្ងៀមនៅ ក្នុងគ្រាយ៉ាងនេះ ដ្បិតជាគ្រាអាក្រក់ហើយ។ ចូរស្វែងរកសេចក្ដីល្អ កុំរកសេចក្ដីអាក្រក់ឡើយ ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅ យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិតដូចជាឯងធ្លាប់ថាហើយ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្ដីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។ ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះអម្ចាស់ ទ្រង់មានបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងផ្លូវធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងថា វរហើយ វរហើយ គេនឹងហៅពួកអ្នកស្រែចំការឲ្យមកសោយសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញឲ្យមកទ្រហោយំ នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។